មន្រ្តីជំនាញគ្រប់គ្រងបេតិកភណ្ឌពិភពលោកតំបន់អង្គរ និងព្រះវិហារបញ្ចប់ទស្សនកិច្ច សិក្សាដោយជោគជ័យ

AKP សៀមរាប ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ​– មន្រ្តីជំនាញគ្រប់គ្រងបេតិកភណ្ឌពិភពលោកក្នុងតំបន់អង្គរ និងព្រះវិហារ បានបញ្ចប់ ទស្សនកិច្ចសិក្សាដោយជោគជ័យ ដែលទស្សនកិច្ចសិក្សានេះ បានធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាល Technical Exchange NAPAV/APSARA ក្រោមកិច្ចសហការរបស់ស្ថាន ទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយសាស្រ្តាចារ្យ Barbara J. Anello-Adnani រយៈ ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៩​ ដោយបានធ្វើដំណើរ ទៅផ្នែកជាច្រើននៃប្រាសាទក្នុងតំបន់អង្គរ និងតំបន់ព្រះវិហារ ដើម្បីសិក្សាផ្ទាល់នៅទីនោះ។ សម្រាប់វគ្គសិក្សាថ្មី គ៏គ្រោងនឹងចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ អ្នកស្រីសាស្រ្ត ចារ្យ Barbara J. Anello-Adnan បានលើកឡើងថា សិក្ខាកាមបានឈ្វេងយល់ស៊ីជម្រៅ តាមសហគមន៍ប្រាសាទ និងការដ្ឋានជួសជុលនានាក្នុងតំបន់អង្គរ ដែលសិក្ខាកាមទាំងអស់ បានចែករំលែកបទពិសោធន៍ទៅតាមជំនាញរបស់ខ្លួន។ អ្នកស្រីសង្ឃឹមថា តាមរយៈកម្មវិធីនេះ នឹងជំរុញឱ្យមន្រ្តី បុគ្គលិកទាំងអស់យកចិត្តទុកដាក់ឈ្វេងយល់ ចេះចែករំលែក និងមានទំនាក់ ទំនងកាន់តែជិតស្និទ្ធជាងនេះ ហើយទៅអនាគតអ្នកទាំងនោះនឹងក្លាយជាអ្នកជំនាញយ៉ាង ពិតប្រាកដ។​

កញ្ញា ស៊ីវ ស៊ីណេត សិក្ខាកាមមកពីនាយកដ្ឋានរៀបចំដែនដីនៅក្នុងឧទ្យានអង្គរ បាន  ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ សូម្បីតែមន្រ្តី បុគ្គលិកដែល​មានជំនាញ និងស្ថាប័នផ្សេងគ្នា ក៏មានឱកាសរៀនសូត្រជាមួយគ្នា ឈ្វេងយល់ពីកិច្ចការ​អភិរក្ស  បច្ចេកទេសនៃការជួសជុលប្រាសាទនៅតំបន់អង្គរ និងការជួបប្រទះការលំបាក​ផ្សេងៗអំឡុងពេលបំពេញការងារតាមរយៈការចែករំលែកបទពិសោធន៍ក្នុងកម្មវិធីនេះ ដែលកន្លងមកកញ្ញាពុំបានដឹងច្បាស់។

ជាមួយគ្នានេះដែរ លោក ព្រំ កុសល សិក្ខាកាមមកពីនាយកដ្ឋាន រមណីយដ្ឋាន និង​បុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងស្ថានទូតសហរដ្ឋអាមេរិក ដែលបានរៀបកម្មវិធីនេះឡើង ក្រៅពីបានបង្កភាពស្និទ្ធ​ស្នាល​រវាងមន្រ្តី បុគ្គលិកនៃស្ថាប័នទាំងពីរ ក៏វាជាឱកាសសម្រាប់មន្រ្តី បុគ្គលិកជំនាញនៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារបានទទួលបទពិសោធន៍ល្អៗពីការគ្រប់គ្រងភ្ញៀវទេសចរ ការជួសជុល និង​អភិរក្សរមណីយដ្ឋានអង្គរ។ លោកក៏បានសំណូមពរឱ្យមានកម្មវិធីនេះនៅបន្តធ្វើរហូត និងចុះ​ធ្វើទស្សនកិច្ចក្នុង និងក្រៅតំបន់ដើម្បីទទួលបានចំណេះដឹងថ្មីៗផ្នែកវប្បធម៌ និងមានវប្បធម៌​ចែករំលែកគ្នាទៅវិញទៅមកថែមទៀត៕

ដោយ ហង្ស សៀក