អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមយុទ្ធនាការចុះរុះរើស្លាកយីហោ ប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់

AKP សៀមរាប ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ — ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចុះរុះរើស្លាកយីហោ ប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ដែលគ្មានច្បាប់អនុញ្ញាត ឬអស់សុពលភាព ដើម្បីរៀបចំ សណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមខ្លួនប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។

លោក នាក់ ណេរ៉ុន បានថ្លែងថា មានកត្តា៣យ៉ាង ក្នុងយុទ្ធនាការចុះរុះរើនេះគឺទី១. រៀបចំសោភណភាពខេត្តឱ្យស័ក្ដិសមជាខេត្តទេសចរណ៍ ដើម្បីត្រៀមប្រកួតប្រជែង និងប្រឡងប្រណាំងទីក្រុងស្អាត, ទី២. ធ្វើឱ្យស្របតាមច្បាប់ ស្ដីពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងបទដ្ឋានមួយចំនួនរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា អង្គភាពពន្ធដារ , ក្រសួងពាណិជ្ជកម្ម, រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម និងទី៣. ដើម្បីរកចំណូល ថវិកាមូលដ្ឋាន ដល់អាជ្ញាធរក្រុង ស្រុក ខេត្ត។ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រតិភូកម្ម អំណាចមកថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានចំណូលមូលដ្ឋាន ដូច្នេះបើសិនជាក្រុមហ៊ុន ឬប្រជាពលរដ្ឋ ដំឡើងស្លាកយីហោ ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ វានឹងធ្វើឱ្យបាត់បង់ចំណូល និងគ្មានសណ្ដាប់ធ្នាប់ផងដែរ។

លោក នាក់ ណេរ៉ុន បានបន្ថែមទៀតថា ក្នុងយុទ្ធនាការនៅព្រឹកនេះ អាជ្ញាធរខេត្ត នឹងចាប់ផ្ដើមអនុវត្តសកម្មភាពពីចំណុចគល់ស្ពានថ្មព្រះរាជដំណាក់ ទៅទិសខាងកើតស្រប តាមបណ្ដោយផ្លូវជាតិលេខ៦ ហើយតំបន់មួយចំនួនទៀត នឹងអនុវត្តន៍បន្តនៅពេលក្រោយ ដោយអាជ្ញាធរខេត្ត នឹងបន្តអនុវត្តដូចភ្លៀងរលឹម ដើម្បីរៀបចំសោភណភាពខេត្ត ដូច្នេះ តាមរយៈនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬក្រុមហ៊ុនឯកជន ដែលមានស្លាកយីហោ ប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តន៍ការងារឱ្យមានប្រសិទ្ធភាព ហើយបើសិនជាមានចម្ងល់ ពាក់ព័ន្ធជាមួយនឹងការសុំច្បាប់ ដើម្បីដំឡើងស្លាកយីហោ ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សេងៗ ត្រូវទំនាក់ទំនងសួរព័ត៌មានជាមួយអាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក ឬមកអាជ្ញាធរខេត្តសៀមរាប។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ បានចុះរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មបានចំនួន០៩ផ្ទាំងហើយ៕

ដោយ ឃុត សៅ