សមិទ្ធផលនានា ស្ថិតនៅវត្ដសាលាអណ្ដែតត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា

AKP កណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ -លោកអគ្គនាយកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាពលរដ្ឋ ជាពិសេសការរក្សានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត និងមានជីវភាពកាន់តែធូធារ ក្រោយប្រទេសមានសុខសន្តិភាព និងការខិតខំរបស់រាជរដ្ឋាភិបាល។

នេះជាការលើកឡើងរបស់លោក លី សាម៉េត អគ្គនាយកក្រុមហ៊ុនអេងឌី ប៉ូ អភិវឌ្ឍន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តសាលាអណ្តែតស្ថិតនៅឃុំក្រាំយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ។

លោកបានបញ្ជាក់ថា អ្វីៗដែលមានការវិវឌ្ឍន៍រីកចម្រើន ជាមួយក្ដីមោទនភាពរបស់សង្គមជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងកើតមាននៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យ និងដោយឯកឯងនោះទេ គឺបានកើតពីការខិតខំប្រឹងប្រែង ជាពិសេស   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរបុរសដ៏ឆ្នើម បានពុះពារឆ្លងកាត់ឧបសគ្គ ក្នុងការស្វែងរកសន្តិភាព រក្សាស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ។

លោកបានបន្តថា ក្រោយពីកម្ពុជាទទួលបាននូវសន្តិភាពពេញលេញមក ការអភិវឌ្ឍ ប្រទេសកំពុងឈានទៅរកការរីកចម្រើនឥតឈប់ឈរ និងបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរ ជាពិសេសបានជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋាន ដូចជា ផ្លូវ ស្ពាន ផ្សារ វត្តអារាម សាលារៀន… រួមជាមួយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីបង្កលក្ខណៈងាយដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដើម្បីជួយអភិវឌ្ឍន៍នៅតាមមូលដ្ឋានឱ្យកាន់តែសម្បូរបែប ។ ជាក់ស្តែងនៅក្នុងឃុំក្រាំងយ៉ូវនេះជាដើម ពីមុនហាក់ដូចជាឃុំនៅឆ្ងាយពីទីក្រុង គ្មានផ្លូវល្អ គ្មានស្ពាន គ្មានវត្តអារាម និងគ្មានសាលារៀន បច្ចុប្បន្នឃុំមួយនេះបានរីកចម្រើនយ៉ាងខ្លាំង និងមានបរិស្ថានល្អ គួរជាទីមោទនៈ ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ។

ប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងយ៉ូវ បានលើកឡើងថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩មក ក្រាំងយ៉ូវប្រៀបដូចជាតំបន់នៅឆ្ងាយដាច់ស្រយាល ដោយមានការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បច្ចុប្បន្នឃុំក្រាំងយ៉ូវទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលប្រជាពលរដ្ឋចាត់ទុកជាប្រយោជន៍ យ៉ាងសំខាន់ ជាពិសេសការប្រែក្លាយជីវភាព ពោលគឺបានបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ។

សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅវត្ដសាលាអណ្ដែត មានផ្លូវបេតុង របង សាលាឆាន់ កុដិ និងសមិទ្ធផលនានា ជាច្រើនទៀត នៅឃុំក្រាំងយ៉ូវ នោះ លោក លី សាម៉េត បាននាំយកអំណោយជាថវិកា ជូនប្រជាពលរដ្ឋជិត៨០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ២ម៉ឺនរៀល បានផ្តល់ថវិកាជូនកងកម្លាំងចំនួន ២៦នាក់ក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល និងបានប្រគេនបច្ច័យជិត ២ម៉ឺនដុល្លារអាម៉េរិក ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅក្នុងវត្តសាលាអណ្តែតនេះបន្ថែមផងដែរ ៕

ដោយសួស សំរិត