សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបប្រធានក្រុមហ៊ុន NIKKEI របស់ប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — នៅមុនការអញ្ជើញចូល​រួម ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគត​របស់អាស៊ីនោះ ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ​អ​នុ​​ញ្ញា​តឱ្យ លោក ណាអូតូស៊ី អូកាដា (Naotoshi OKADA) ចូលជួបសម្ដែងការគួរសម នាព្រឹក​ថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបពិ​ភា​ក្សា​នោះ លោក ណាអូតីស៊ិ អូកាដា មាន​ប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មមាញឹកបំផុត ទទួល​ជួប​រូប​លោ​កក្នុងជំនួបដ៏មានតម្លៃបំផុតនេះ។

លោក ណាអូតូស៊ី អូកាដា បានថ្លែងកោត​សរសើរអំពី​យុទ្ធ​សាស្ត្ររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេ​ស​​កម្ពុជា​នាំមកនូវការរីកចម្រើន។ លោកបានលើកឡើងទៀតថា លោកតែបានលឺនៅតាម​សារ​ព័ត៌​មានជាច្រើន និយាយពីការរីកចម្រើនរបស់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិ​ស័​យ​​ផ្សេងៗទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា មានកត្តាពីរសំខាន់ដែល ធ្វើឱ្យ​សេដ្ឋ​កិ​ច្ច​​របស់​កម្ពុជាមានកំណើនខ្ពស់ និងការអភិវឌ្ឍដោយចីរភាព។ កត្តាទាំងពីរនោះ រួម​មាន៖ ទី១. គឺ​សន្តិភាព និងស្ថិរភាពនយោបាយ ហើយកត្តាចាំបាច់ទី២ គឺស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច។ ស​ម្តេ​ច​តេជោបានបន្ថែមថា ត្រូវរក្សាកត្តាទាំងពីរនេះឱ្យបាន ហើយកត្តាទាំងពីរនេះ ត្រូវពឹងផ្អែក​គ្នា​ទៅ​​វិញទៅមក។ ដូច្នេះត្រូវថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងស្ថានភាព ម៉ាក្រូសេ​ដ្ឋ​​កិច្ចផង​ដែរ។ សម្ដេចតេជោបានលើកឡើងទៀតថា បន្ទាប់មកទាមទារឱ្យ​មាន អភិបាលកិច្ចល្អដើម្បីជំរុញនូវការអភិវឌ្ឍ។

សម្ដេច​តេ​ជោ​បានគូសបញ្ជាក់ប​ន្តថា អភិបាលកិច្ច​ស្មោគគ្រោគមិនអាចនាំមកនូវជោគជ័យបានឡើយ។ ដូច្នេះសម្រាប់ប្រទេសកម្ពុជានៅបន្តធ្វើ​ការកែទម្រង់ ជាពិសេសក្នុងការកែលម្អលើចំណុចណា​ដែល​ចាំបាច់។ សម្ដេចនាយករដ្ឋមន្ត្រី​បានថ្លែងឱ្យដឹងដែរថា ប្រទេសកម្ពុជានៅឆ្នាំ២០០១ មិ​នទាន់​មាន​ស្បៀងគ្រប់គ្រាន់ទេដោយនាំ​ចូល​ស្បៀងពីបរទេស ប៉ុន្តែក្រោយមកយើងបានក្លាយ​ជាប្រ​ទេ​ស​​ដែលនាំចេញស្បៀង​ដូចជា​អង្ករដែលយើងសល់ដល់ ៣លានតោនសម្រាប់នាំចេញ។ ដូ​ច្នេះ​ប្រទេសកម្ពុជាក្លាយខ្លួន​ពី​ប្រទេសនាំចូលស្បៀងទៅជាប្រទេសនាំចេញស្បៀងវិញ។ សម្តេ​ច​តេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសនេះ រាជ​រដ្ឋាភិ​បា​ល​កម្ពុ​ជាបានដាក់​ចេញនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥។ ជាមួយគ្នានេះ វាគឺជា​ការខិតខំជំរុញធ្វើយ៉ាង​ណាឱ្យថវិកា​ជាតិ​មា​ន​​ការកើនឡើងជាលំដាប់ ដើម្បីធ្វើយ៉ាងណាអាច​ឱ្យប្រទេសកម្ពុជា ត្រូវបានដោះស្រាយ​លើ​តម្រូវ​ការចាំបាច់ ក៏ដូចជាការកសាងហេដ្ឋារចនា​សម្ព័ន្ធផងដែរ។ ពាក់ព័ន្ធនឹងការរីកចម្រើននេះ ​កម្ពុជាក៏មានការកើនឡើងនូវចំនួនប្រជាពលរដ្ឋ​ដែលមានជីវភាពល្អប្រសើរច្រើន។ បើទោះ​កម្ពុ​ជា​មានការរីកចម្រើនយ៉ាងណាក្តី តែសម្តេចតេ​ជោបានបញ្ជាក់បន្ថែមថា កម្ពុជានៅតែត្រូវការ​ជំនួយ​ពី​​ប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ​ប្រទេសឱ្យ​កាន់តែល្អប្រសើរថែមទៀត។ សម្ដេចតេ​ជោ​ក៏បានបង្ហាញក្តីសង្ឃឹមដែរថា វិនិយោ​គិនពីជាប្រទេសជប៉ុននឹងទៅបណ្ដាក់ទុន​ប​ន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា បើទោះបីបច្ចុប្បន្ន មាន​ចំនួនអ្នកវិនិយោគពី​ប្រទេសជប៉ុន​មាន​ការកើនឡើងក៏ដោយ ហើយសម្ដេចនៅចង់ឃើញ អ្នកមកពីប្រទេសជប៉ុនទៅវិនិយោគបន្ថែមទៀត​៕

ដោយ ជឹម ណារី