ឯកឧត្តម គួច ចំរើន នាំយកអំណោយទៅចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្តា្រក់ នៅឃុំរាយប៉ាយ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ –នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុម ការងារនាំអំណោយជាសម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួន របស់សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន ៧៩គ្រួសារ នៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបានរងគ្រោះដោយ ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។

អំណោយដែលយកទៅចែកជូនដល់គ្រួសាររងគ្រោះទាំង៧៩គ្រួសារ នាពេលនោះ រួមមាន៖ គ្រួសាររលំផ្ទះចំនួន០៣គ្រួសារ ដោយក្នុង០១គ្រួសារ ទទួលបាន អង្ករចំនួន២៥គីឡូក្រាម ឃីត០១កញ្ចប់ មីយើង០១កេស ទឹកស៊ីអ៊ីវ០៦ដប ទឹកត្រី០៦ដប ត្រីខ១០កំប៉ុង និងថវិកាចំនួន ១.០០០.០០០រៀល។ គ្រួសារដែលផ្ទះ ទ្រេតចំនួន ១១គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម ឃីត០១កញ្ចប់ មីយើង០១កេស ទឹកស៊ីអ៊ីវ ០៦ដប ទឹកត្រី០៦ដប ត្រីខ ១០កំប៉ុង ថវិកាចំនួន ៣០០.០០០រៀល និងគ្រួសាររបើកដំបូលផ្ទះ ចំនួន ៦៥គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករចំនួន២៥ គីឡូក្រាម ឃីត០១កញ្ចប់ មីយើង០១កេស ទឹកស៊ីអ៊ីវ ០៦ដប ទឹកត្រី០៦ដប ត្រីខ ១០កំប៉ុង និងថវិកាចំនួន ១០០.០០០រៀល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការសោកស្តាយ ជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្រ្តាក់ ដែលបណ្ដាលឱ្យរលំផ្ទះ និងរបើកដំបូលធ្ងន់ធ្ងរនេះ។ ចំពោះអំណោយទាំងនេះវា មានលក្ខណៈតិចតួចក្ដី វាមិនស្មើទៅនឹងការខូចខាត ការខ្វះខាតរបស់បងប្អូនដែលរង គ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួលនិងសម្រាលដល់ការលំបាករបស់ បងប្អូនបានមួយរយៈដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម​ ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហម ដោយក្តីនឹករលឹក និងចូលរួមចែករំលែក នូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរង គ្រោះដោយសារខ្យល់ កន្ត្រាក់នេះផងដែរ។

ឯកឧត្តម គួច ចំរើនក៏បានលើកឡើងផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មិនបានទុកឱ្យ បងប្អូនប្រជាពលរដ្ឋរងការលំបាកក្នុង គ្រោះមហន្តរាយណាមួយដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ។ ទីណា ប្រជាពលរដ្ឋជួបការលំបាកគឺមានកាកបាទក្រហមកម្ពុជា។ កាកបាទក្រហមកម្ពុជាមាន គ្រប់ទីកន្លែង សម្រាប់ប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាការនយោបាយឬពូជសាសន៍ ពណ៌សម្បុរឡើយ ហើយក៏ មិនបោះបង់និងទុកនរណាម្នាក់ចោលនៅ ពេលជួបការលំបាកឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ននៅពេលដែលមានភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់កើតឡើង សូមឱ្យ បងប្អូនរត់រកទីកន្លែងមានសុវត្ថិភាព និងសូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិក ដែលងាយបង្កភាពគ្រោះថ្នាក់ដល់ខ្លួន៕

ដោយ ឆាយ ម៉ុត