អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍

AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ -ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលក្រុមការងារលេខាធិការដ្ឋានបានអនុវត្តន៍នាពេលកន្លងមក និង ដាក់ផែនការអនុវត្តន៍បន្តសម្រាប់ខែមិថុនា ដែលកិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរសាធា  រណការ និងដឹកជញ្ជួនខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសាភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានអង្គភាពជុំវិញខេត្តជាច្រើនរូប។

ឯកឧត្តម អៀង វុធ បានមានប្រសាសន៍ថា មួកសុវត្ថិភាពមួយជួយជីវិតបានម្នាក់ដូច្នេះអ្នកបើកបរម៉ូតូទាំងអស់ត្រូវតែពាក់មួកសុវត្ថិភាពគ្រប់ពេលវេលាទោះធ្វើដំណើរទៅទីជិតឬឆ្ងាយក៏ដោយ ព្រោះថា បើយើងជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ មួកសុវត្តិភាពអាចជួយយើងមិនឱ្យមាន គ្រោះថ្នាក់ធ្ងន់ធ្ងរបាន។ ឯកឧត្តមបានកោតសរសើរដល់កម្លាំងនគរបាលចម្រុះកន្លងមកថា កងកម្លាំងចម្រុះនៃអនុគណៈកម្មការសុវត្តិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង បានបំពេញកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកប ដោយប្រសិទ្ធភាពខ្ពស់ ដូចជា ការចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមទីសាធារណៈ តាមរោងចក្រ និងប្រជាពលរដ្ឋ ។ ជាមួយគ្នានេះក៏បានចុះធ្វើវិធានការ រដ្ឋបាលរឹតបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅនីមួយៗដែលខេត្តបានកំណត់ ដូចជា ការពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និង ការចុះធ្វើសុវត្ថិភាពចរាចរណ៍ផ្តល់ មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋឆ្លើយត្រូវសំណួរ ពីច្បាប់ចរាចរណ៍ផ្លូវគោគផងដែរ ។

ឯកឧត្តមបានបន្តទៀតថា បើទោះបីករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាង ខែមុន ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការឈ្វេងយល់ និង ផ្សព្វផ្សាយច្បាប់ចរាចរណ៍បន្តទៀត ។ ឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ចប្រជុំបានធ្វើការពិភាក្សាគ្នានូវចំណុច មួយចំនួន ដូចជា ការកំណត់ភូមិសាស្រ្តតំបន់ ពិសេសស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អង្គភាព ស្ថាប័នរដ្ឋ ធ្វើជាគំរូនៃការអនុវត្តន៍ច្បាប់ចរា ចរណ៍។ ឯកឧត្តបានក្រើនរម្លឹកចំពោះមន្រ្តីជំនាញ និងកងកម្លាំងចម្រុះទាំងអស់ឱ្យយកចិត្តទុក ដាក់ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អៀង វុធ មានប្រសាសន៍បន្ថែមទៀតថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយឱ្យបានច្រើនបន្ថែមទៀត រឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់ស្ថាប័នរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាម ដានពិនិត្យមើលដល់មន្រ្តីថ្នាក់ក្រោមអំពីការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់រថយន្ត ពេល បើកបរ និង បំផុសឱ្យមានការចូលរួមឱ្យកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងចែករំលែកការយល់ដឹងបន្ត ឱ្យបានទូលំទូលាយ ៕

ដោយ បៃ ស៊ីថុន