រាជរដ្ឋាភិបាលចង់ឃើញធនាគារសហគ្រាសធុនតូច និងមធ្យមមានគោលនយោបាយគាំទ្រ ដល់ការលើកកម្ពស់ផលិតភាព

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ -រាជរដ្ឋាភិបាលចង់ឃើញធនាគារសហគ្រាស​ធុនតូចនិងមធ្យម​កម្ពុជាដែលកំពុងដំណើរការ រៀបចំបង្កើតមានគោលនយោបាយគាំទ្រដល់ការលើកកម្ពស់ផលិតភាពរបស់សហគ្រាសធុនតូច និងមធ្យមដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងកិច្ចប្រជុំស្តីពីដំណើរការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការណែនាំដល់ក្រុមការងារសម្រាប់ការងារបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជាឱ្យយកចិត្តទុកដាក់លើការរៀបចំផែនការអាជីវកម្មរបស់ធនាគារសហគ្រាសធុន​តូចនិងមធ្យមកម្ពុជាដើម្បីធានាឱ្យបានថា ធនាគារនេះនឹងអាចដើរតួនាទីជាធនាគារ គោលន​យោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការលើកកម្ពស់ផលិតភាព របស់ សហគ្រាស ធុនតូចនិងមធ្យមនិងការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេស គោលនយោបាយ​អភិវឌ្ឍន៍​វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបាន​ស្នើឱ្យក្រុមការងារធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជាសិក្សាអំពីលទ្ធភាពឱ្យធនាគារ ជំរុញការអនុវត្តគោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុន តូច និង​មធ្យមដែលស្ថិតក្នុងវិស័យអាទិភាពដូចជា កសិ-ឧស្សាហកម្ម វិស័យផលិតកម្ម វិស័យទេស​ចរណ៍ ជាដើមក្នុងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន ទី១.​ផែនការអាជីកម្ម ទី២. រចនាសម្ព័ន្ធគ្រប់គ្រងធនាគារ និងទី៣.កិច្ចការផ្សេងៗ។ អង្គប្រជុំបាន​ឯកភាពជាគោលការណ៍លើ១.ផែនការអាជីវកម្ម និងផែនការហិរញ្ញវត្ថុរយៈពេល ០៣ឆ្នាំ របស់ ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា, ការជ្រើសរើសបេក្ខភាពជាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ការកំណត់បេសកកម្មរបស់ធនាគារនេះ ក្នុងការជំរុញ និងគាំទ្រការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេស គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលបម្រើដល់ការនាំចេញ និងបង្កើត​ខ្សែសង្វាក់ តម្លៃ ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ អង្គប្រជុំក៏លើកឡើងពី​ការងារចាំបាច់​មួយចំនួនទៀត ដែលជាមូលដ្ឋានសម្រាប់ការបង្កើត និងដំណើរការធនាគារនេះ។

សូមរម្លឹកថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន សម្រេចផ្តល់ថវិកាចំនួន១០០លានដុល្លារអាម៉េរិក សម្រាប់ការបង្កើតធនាគារ​សហគ្រាសធុន​តូច និងមធ្យមកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមសំដៅ​ចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជារួមមកទល់ពេលនេះ ការសិក្សាអំពីសមិទ្ធលទ្ធភាព ការបង្កើតក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការ រៀបចំផែនការអាជីវកម្ម និងរចនាសម្ព័ន្ធដឹកនាំរបស់ធនាគារ ដើម្បីឈានដ៏ការបង្កើត ធនាគារ សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ត្រូវបាននិងកំពុងរៀបចំស្ទើរតែបញ្ចប់ទាំងស្រុង។ ជាមួយគ្នានេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ត្រូវបានរំពឹងថា​នឹងចាប់ដំណើរ​ការ​នាពេលដ៏ខ្លីខាងមុខ៕

ដោយ គង់ សិរីរ័ត្ន