អាជ្ញាធរ​ខេត្តសៀមរាប​សម្រេច​បញ្ឈប់ការសាងសង់សំណង់ស្ថានីយប្រេងឥន្ធនៈចំនួន​៨ទី តាំង​ដែលគ្មានលិខិតអនុញ្ញាត​

AKP សៀមរាប ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ -យោង​តាមការ​ចេញ​ផ្សាយ​នៅបណ្តាញទំនាក់ទំនងសង្គមផ្លូវការ​របស់​រដ្ឋ​បាល​ខេត្ត​សៀមរាប​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី​៣០​ ខែ​ឧសភា ឆ្នាំ២០១៩នេះ បាន​បង្ហាញថា ​ក្រុមការងារចម្រុះរដ្ឋបា​លខេត្តសៀមរាប​ដឹកនាំដោយ លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត ដែលមានសមាសភាពចូលរួមពីទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត រួម​ជាមួយអង្គភាព​ពាក់ព័ន្ធជាច្រើន​ទៀត កាល​ពីថ្ងៃទី​២៨ និង ២៩ ខែ​ឧសភា ឆ្នាំ២០១៩ បានចុះទៅពិនិត្យការសាងសង់ស្ថានីយប្រេងឥន្ធនៈគ្រប់ប្រភេទ ដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ពីក្រសួងជំនាញមានសមត្ថកិច្ច ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៦៧ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅ​ក្នុង​ប្រតិបត្តិការនេះ ក្រុមការងារចម្រុះខេត្តសៀមរាប​ បានធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់សំណង់ស្ថានីយប្រេងឥន្ធនៈចំនួន ​៨ទីតាំង ​ដែលគ្មានលិខិតអនុញ្ញាត​ នៅស្រុកបន្ទាយស្រី​ និងស្រុកប្រាសាទបាគង ដោយតម្រូវឱ្យម្ចាស់ទៅបំពេញបែបបទដាក់ពាក្យស្នើសុំការអនុញ្ញាតតាមរយៈច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលខេត្ត និងក្រសួងស្ថាប័នជំនាញជា មុន និងដំណើរការសាងសង់ស្ថានីយ ។ ក្រុមការងារក៏បានណែនាំឱ្យរដ្ឋបាលស្រុកពាក់ព័ន្ធ និងមន្ទីរជំនាញ បន្តតាមដានលើទីតាំងទាំងអស់ដែលបានបញ្ឈប់ផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមការងារចម្រុះនឹងបន្តចុះពិនិត្យរាល់ទីតាំងសាងសង់នានាទាំងអស់ក្នុងខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យមើលថា តើ​សំណង់ណាខ្លះគ្មានលិខិតអនុញ្ញាត្តត្រូវ ត្រឹមនោះ៕

ដោយឃុត សៅ