អភិបាលខេត្តកណ្តាលអញ្ជើញ​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ស្រុក​ខ្សាច់កណ្ដាល

AKP កណ្តាល ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ២០១៩ -នៅថ្ងៃ​ពុធ​ ១១រោច​ ខែពិសាខ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ភិរុណ ​អភិបាលខេត្តកណ្តាល​ បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ស្រុក​ខ្សាច់កណ្ដាល​ អគារ​សាលប្រជុំ​ និង​អគារ​រដ្ឋបាល​ ឃុំ​ស្វាយ​រមៀត​ ស្រុក​ខ្សាច់កណ្ដាល​។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីមន្ត្រីរាជការក្នុងមន្ទីរ ​អង្គភាព​ជុំវិញ​ខេត្ត​ កងកម្លាំង​ទាំង​៣ប្រភេទ​ មន្ត្រី​រាជការ​សាលា​ស្រុក​ និង​ប្រជាពលរដ្ឋ​ ប្រមាណ ​១.០០០នាក់។

​អគារ​រដ្ឋបាល​សាលា​ស្រុក​ដែល​សាងសង់នេះ​មាន​បណ្ដោយ ​២៨ម៉ែត្រ​ ទទឹង​១០ម៉ែត្រ​កម្ពស់​២ជាន់​ អគារ​សាលប្រជុំ​បណ្ដោយ​២០ម៉ែត្រ​ ទទឹង​១៧ម៉ែត្រ​ និង​ អគារ​រដ្ឋបាល​ឃុំ​ស្វាយ​រមៀត​ បណ្ដោយ​១៤ម៉ែត្រ​ ទទឹង​១០ម៉ែត្រ​ ជា​អំណោយ​របស់​គម្រោង​សាងសង់​អគារ​រដ្ឋបាល​ស្រុក​ ឃុំ​ សង្កាត់​ របស់ក្រសួង​មហាផ្ទៃ​ ក្រោម​ក្របខ័ណ្ឌ​មូល​និធិ​ទ្រទ្រង់​ថវិកា​ឆ្នាំ​២០១៦-២០១៩។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យល្អ ត្រូវលុបបំបាត់ អំពើពុករលួយដែលនាំឱ្យប្រជាពរដ្ឋថ្នាំងថ្នាក់ ហើយត្រូវទប់ស្កាត់ឱ្យបាននូវរាល់បញ្ហាគ្រឿងញៀន ល្បែងស៊ីសង តាមរយៈវិធានការអប់រំ និងវិធានការច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តន៍តាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាល៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តកណ្តាល)