រដ្ឋបាលខេត្តបើកកិច្ចប្រជុំ ត្រួតពិនិត្យការគ្រប់គ្រងផ្សព្វផ្សាយផ្លាកសញ្ញាពាណិជ្ជកម្ម និងទីតាំងដំឡើងបង្គោលប៉ាណូ

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់ គ្រងផ្សព្វផ្សាយផ្លាកសញ្ញាពាណិជ្ជកម្ម និងទីតាំងដំឡើងបង្គោលប៉ាណូក្នុង ខេត្តព្រះសីហនុ ដោយមានការចូលរួមដោយមន្រ្តីមន្ទីរជំនាញអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត នាព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

លោក គង់ វិតាណ: បានបញ្ជាក់ថា តាមចរាចរណ៍ជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរាល់ការសរសេរអក្សរលើផ្ទាំងយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម ផ្ទាំងសញ្ញា ផ្សេងៗ ត្រូវគោរពតាមគោលការណ៍របស់ក្រសួង ដោយប្រើអក្សរជាតិ តែបើមានអក្សរ បរទេស ត្រូវមានអក្សរជាតិនៅជួរខាងលើ ទំហំធំជាងអក្សរបរទេសពីរដង។

ដោយឡែកចំពោះអក្ខរាវិរុទ្ធ ត្រូវគោរពតាមក្បួនខ្នាតវេយ្យាករណ៍ និងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជព្រះមហាសុមេធាធិបតីជោតញ្ញាណោ ជួន ណាត។ ដោយសារតែ កន្លងមក មានស្លាកយីហោ និងផ្ទាំងផ្សព្វ ផ្សាយពាណិជ្ជកម្មមួយចំនួន ដែលមិនបានអនុវត្តន៍ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ទើបក្រុមការងាររបស់ខេត្ត ចុះធ្វើការអប់រំ ផ្សព្វផ្សាយ បន្តដល់ម្ចាស់ស្លាកយីហោ ឱ្យចូលរួមគោរពតាមការណែនាំតាមច្បាប់កម្ពុជា។ ចំណែកឯស្លាក យីហោណាដែលមិនគោរពតាមការណែនាំក្រុមការងារ និងធ្វើការរុះរើទម្លាក់ចុះ ដើម្បី ចូលរួម ថែរក្សាអភិរក្សអក្សរសាស្រ្តជាតិ ដើម្បីប្រែក្លាយប្រកបដោយសោភណភាព បរិស្ថានទីក្រុង ទេសចរណ៍នាទិសនិរតី។

លោកបានបន្តថា ក្រុមការងារបន្តចុះណែនាំ និងជំរុញដល់ចាស់ស្លាកយីហោ បង្គោល ប៉ាណូ របាកាត់ទទឹងផ្លូវ និងផ្ទាំងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ត្រូវមកសុំច្បាប់ អនុញ្ញាត ដាក់តាំងការផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ។ ជំរុញតាមដាន និងគ្រប់គ្រង ការប្រមូលចំណូលពីទីតាំង និងសេវាផ្សព្វផ្សាយពីស្លាកយីហោ បង្គោលប៉ាណូ របាកាត់ទទឹងផ្លូវ និងផ្ទាំងរូបភាពផ្សព្វ ផ្សាយពាណិជ្ជកម្មផ្សេងៗឱ្យមានប្រសិទ្ធភាព តម្លាភាព ៕

ដោយ ងូ សុមុន