អគ្គស្នងការដ្ឋាននគរបាលជាតិដាក់ចេញគោលការណ៍ណែនាំ៥ចំណុចដើម្បីពង្រឹង ប្រសិទ្ធភាពការងារដល់កងកម្លាំងនគរបាលទាំងអស់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន សម្រេចដាក់ចេញគោលការណ៍ណែនាំចំនួន៥ចំណុចដល់ថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើឱ្យប្រសិទ្ធភាពការងារកាន់តែមានភាពល្អប្រសើរ ឡើង។ ការដាក់ចេញនូវគោលការណ៍ណែនាំនេះ គឺធ្វើឡើងក្នុងឱកាសដែលឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមក្នុងពិធី​ជួបសំណេះសំណាលមួយជាមួយមន្ត្រីជាន់ខ្ពស់ នៃថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិក របស់អគ្គ​ស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាន​នគរ​បាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានគូសបញ្ជាក់ក្នុង​គោល​ការណ៍ណែនាំចំនួន៥ចំណុចនេះ ដែលរួមមាន៖ ទី១. ការលើកទឹកចិត្តរួមដៃគ្នា​ដើម្បីរៀបចំ​កិច្ចការបុគ្គលិកកាន់តែរឹងមាំ ស្អាតស្អំ និងស្មោះត្រង់និងដើរតួជាសេនាធិការ​ជូន​ក្រសួង និង​អគ្គ​ស្នងការឱ្យកាន់តែម៉ឺងម៉ាត់និងជឿជាក់។ ទី២. នាយកដ្ឋានបុគ្គលិក ត្រូវរៀបចំតាក់តែង សរសេរ រួមចំណែកជាមួយនឹងសេនាធិការដោយពិនិត្យមើលនូវយុទ្ធសាស្ត្រ និងមើលឡើង វិញ​នូវនាទីនិងភារកិច្ច វិភាគមុខងារ និងចំនួនក្របខ័ណ្ឌ។ ដោយឡែកចំណុចទី៣. សុំឱ្យ​នាយកដ្ឋានបុគ្គលិក រៀបចំម៉ឺងម៉ាត់ និងប្រកបដោយការជឿជាក់អំពីការគ្រប់គ្រងកងកម្លាំង និងធនធាននគរបាលជាតិតាមបែបប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ទី៤. សុំឱ្យមានរៀបចំផែនការ​ពង្រឹងធនធានមនុស្ស ក្នុងន័យការបំប៉នហ្វឹកហាត់ និងការបញ្ជូនមនុស្សទៅរៀន និងទី៥. កិច្ច​ការ​ដំឡើងឋានៈ កិច្ចការសរសើរ និងជូនរង្វាន់។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងនូវចំណុច​ប្រឈម​ខ្លះទាក់ទងនឹងការរិះគន់ពីសាធារណមតិ និងបានដាស់តឿនណែនាំកែលម្អនូវភាពខ្វះ​ខាតទាំងឡាយនោះចោលចេញ ដើម្បីយុត្តិធម៌ និងតម្លាភាព និងប្រសិទ្ធភាពរបស់កងកម្លាំង​នគរបាល​ជាតិផងដែរ៕

ដោយ ចាន់ សុធីវង្ស