លោកជំទាវ ហ៊ឹង ណារី វ៉ាថន នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ នៅឃុំសំបុក ស្រុកចិត្របុរី

AKP ក្រចេះ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — លោកជំទាវ ហ៊ឹង ណារី វ៉ាថន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាននាំយកអំណោយកាកបាទ ក្រហមកម្ពុជាខេត្តទៅចែកជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤២គ្រួសារ នៅ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី   ឈឹម សុធារី ហិរញ្ញិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត សមាជិក សមាជិកា គណៈកម្មាធិការសាខា  ក្រុមប្រតិបត្តិ សាខា និងមន្រ្តីអនុសាខាស្រុកចិត្របុរី។ អំណោយដែលបានចែកជូនគ្រួសារក្រីក្រ ចាស់ជរា និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ទាំង៤២គ្រួសារនាពេលនោះ គឺក្នុមួយគ្រួសារៗ ទទួល បានអង្ករ ២៥គីឡូក្រាម សារុង១ ភួយ១ មុង១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង តង់១ និងថវិកា ៤០.០០០ រៀល។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកជំទាវ ហ៊ឹង ណារី វ៉ាថន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពី សុខទុក្ខប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយនិងដោយអនុវត្តន៍ តាមកម្មវិធីកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ ចោលនោះឡើយ  ហើយសម្ដេចក៏តែងតែមានការព្រួយបារម្ភពីសុខទុក្ខប្រជាពល រដ្ឋគ្រប់ច្រកល្ហក ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ត្រូវខាត បង់ទ្រព្យសម្បត្តិ សម្ភារ ផលដំណាំ និងរបស់របរផ្សេងៗទៀតរបស់បងប្អូន។

លោកជំទាវអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិដែលកើតឡើងជាយ ថាហេតុនេះបង ប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅមុន និងពេលកំពុងភ្លៀងដើម្បីជៀសផុត ពីគ្រោះថ្នាក់ដល់អាយុជីវិត។

លោកជំទាវ ហ៊ឹង ណារី វ៉ាថន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ត្រូវចេះរៀបចំអនាម័យក្នុងការរស់នៅឱ្យបានស្អាត តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅ ស្អាត ជៀសវាងការកើតមានជំងឺផ្សេងៗ៕

ដោយ ជួន សុជាតិ