រដ្ឋមន្រ្ដីក្រសួងសុខាភិបាលអះអាងថា សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសេវាសុខាភិបាល កំពុងសម្រេចចុងក្រោយត្រឹមអន្ដរក្រសួង មុននឹងដាក់ឆ្លងរដ្ឋសភា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — បន្ទាប់ពីបានបើកកិច្ចប្រជុំពិភាក្សា ជាមួយអ្នកច្បាប់ក្នុងវិស័យឯកជន​និងដៃគូអភិវឌ្ឍន៍ក្នុង​វិស័យ​សុខាភិ​បាល​​ចំនួន៧លើករួមមកហើយនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានសម្រេចជាចុងក្រោយ ដើម្បីដាក់ចូលក្នុងរបៀបវារៈ នៃអង្គប្រជុំ​អន្តរក្រសួង ដើម្បីដាក់ឆ្លងទៅរដ្ឋសភា និងព្រឹទ្ធសភា ក្នុងការពិនិត្យសម្រេចបន្តទៀតនៅពេល​ខាងមុខ។

ក្នុងពិធីបើកកិច្ចប្រជុំស្ដីពីសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសេវាសុខាភិបាល កាលពី ព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមាន​ប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល មានគោល​បំណងធានា និងលើកកម្ពស់គុណភាពនៃសេវាសុខាភិបាល ដែលបានផ្ដល់ដោយមូលដ្ឋាន​សុខាភិបាល ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាជន។ ឯកឧត្ដមបញ្ជាក់ថា សេច​ក្ដីព្រាងច្បាប់នេះ​គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ក្របខ័ណ្ឌគតិ យុត្ត ដើម្បីគាំទ្រការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធ ភាពនៅកម្ពុជា ដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានចែកចេញជា១០ជំពូក និងមាន៦៨មាត្រា ក្នុងនោះជំពូកទី១ មានបទបញ្ញត្តិទូទៅមាន៤មាត្រា ជំពូកទី២ និយាយពីលក្ខខណ្ឌនៃការផ្តល់សេវាសុខាភិបាល មាន១៩មាត្រា។ ចំណែកជំពូកទី៣ និយាយពីស្តង់ដារអប្បបរមាសម្រាប់សេវាសុខាភិបាល មាន២ មាត្រា ជំពូកទី៤ និយាយពីការធានាគុណភាពសេវាសុខាភិបាល មាន២មាត្រា។ ជំពូកទី៥ និយាយពីការត្រួតពិនិត្យសេវាសុខាភិបាល មាន៤មាត្រា និងជំពូកទី៦ និយាយពី ការ​​ទទួលស្គាល់គុណភាពសេវាសុខាភិបាល មាន១១មាត្រា។ ចំពោះជំពូកទី៨ បទបញ្ញត្តិ​ដោយ​ឡែកមាន២ មាត្រា​ និងក៏មានទោសបញ្ញត្តិមាន២០មាត្រា។ ទន្ទឹមនេះ ក្នុងជំពូកទី៩ និយាយពី អន្តរបញ្ញត្តិ មាន៣មាត្រា និងជំពូកទី១០ អវសានបញ្ញត្តិ មាន១មាត្រា។

ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ស្របតាមទស្សនវិស័យខាងលើ ការគ្រប់គ្រង​សេវាសុខាភិ​បាលត្រូវធ្វើឡើងនៅក្នុងក្របខ័ណ្ឌគតិយុត្តមួយច្បាស់លាស់ ដែលអាចធានាឱ្យ ប្រជាជនទទួលបានសេវាសុខភាពគ្រប់ជ្រុងជ្រោយមានគុណភាព សុវត្ថិភាព និងស័ក្តិសិទ្ធិ ភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈនិងឯកជននៅទូទាំង ប្រទេសប្រកបដោយសុវត្ថិ ភាពខ្ពស់៕

ដោយ ឡុង ស៊ីវ៉ាន់