អ្នកគ្រប់គ្រង ឬម្ចាស់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវទទួលការផាកពិន័យចំនួន ៥ម៉ឺនរៀល ក្នុងករណីមិនអនុវត្តន៍តាមបទបញ្ញត្តិបរិស្ថានគ្មានផ្សែងបារី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — អ្នកគ្រប់គ្រង ឬម្ចាស់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវទទួលការផាកពិន័យចំនួន ៥ម៉ឺនរៀល ក្នុងករណីមិនអនុវត្តន៍តាមបទបញ្ញត្តិបរិស្ថានគ្មានផ្សែងបារីនៅក្នុងបរិវេណ គ្រឹះស្ថានសិក្សារបស់ខ្លួន។ ការលើកឡើងបែបនេះរបស់លោកវេជ្ជបណ្ឌិត មុំ គង់ ខណៈដែល លោកអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងគ្រឹះស្ថាន សិក្សា កាលពីព្រឹកថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីនាយក នាយករង នាយិកា នាយិការង លោកគ្រូអ្នកគ្រូ មកពីគ្រប់ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងដោយយោងតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យ ស្តីពីវិធានការហាមជក់ និងបង្ហុយផ្សែង ផលិតផលថ្នំាជក់នៅកន្លែងធ្វើការ ឬកន្លែង សាធារណៈ និងសេចក្តីណែនាំស្តីពី ការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ និងប្រើប្រាស់ផលិតផលថ្នំាជក់ និងគ្រឿងស្រវឹង ក្នុងបរិវេណគ្រឹះស្ថាន សាធារណៈ និងឯកជន ត្រូវអនុវត្តន៍ដូចតទៅ៖ ១-ត្រូវបិទសញ្ញាហាម ជក់បារី នៅផ្លូវចូល ឬកន្លែងងាយមើលឃើញច្បាស់។ មិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់ គោះបារី ឬរូបភាពប្រដាប់គោះបារី ទោះក្នុងទម្រង់ ទំហំ និងប្រភេទណាក៏ដោយ។ ត្រូវបង្គាប់អ្នកជក់បារី (អ្នកប្រើប្រាស់ផលិតផលថ្នាំជក់) ឱ្យទៅជក់នៅក្រៅបរិវេណគ្រឹះស្ថានសិក្សា។ ក្នុងករណី ជនណាដែលមិនស្តាប់ការណែនាំនេះ ត្រូវសុំការសហការពីសមត្ថកិច្ច។ អ្នកគ្រប់គ្រង ឬម្ចាស់គ្រឹះស្ថានសិក្សា ដែលមិនអនុវត្តន៍តាមបទបញ្ញ​ត្តិ​ណាមួយនឹងត្រូវពិន័យអន្តរការណ៍ ជាទឹកប្រាក់ ៥០.០០០រៀល(៥ម៉ឺន)រៀល ក្នុងករណីមិនរាងចាលត្រូវពិន័យទ្វេដង។ ២-ហាមការលក់ ឬចែកចាយផលិតផលថ្នាំជក់គ្រប់ប្រភេទនៅក្នុងបរិវេណនៃគ្រឹះស្ថានសិក្សា។ ករណីល្មើសនឹងត្រូវផ្តន្ទាទោ​ស​ពិន័យជាប្រាក់ ១០០.០០០(១សែន)រៀល ទៅ ១០០​​០​.​​០០០(១លានរៀល) ចំពោះការលក់ ឬចែកចាយផលិតផលថ្នាំជក់គ្រប់ប្រភេទនៅក្នុង បរិវេណ គ្រឹះស្ថានសិក្សា។ ហាមការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទ នៅក្នុងបរិវេណ គ្រឹះ​ស្ថា​នសិក្សា និងហាមទទួលយកការឧបត្ថម្ភជាផលិតផលថ្នាំជក់ ឬជាសម្ភារដែល បង្ហាញពីឈ្មោះ ឬសញ្ញាសម្គាល់ផលិ​តផលថ្នាំជក់។

បើយោងតាមសេចក្តីណែនាំ ស្តីពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការតាំងលក់និងប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងស្រវឹង ក្នុងបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនរបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយក្នុង សិក្ខាសាលានោះដែរថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា គ្រឹះស្ថានសិក្សាភាគច្រើនអនុវត្តបានល្អប្រសើរតាមស្មារតីនៃអនុក្រឹត្យ និងសេចក្តីការណែ នាំនេះ តែទន្ទឹមនេះ ក៏សង្កេតឃើញមានគ្រឹះស្ថានសិក្សាមួយចំនួនទៀត មិនទាន់អនុវត្តន៍ បានល្អប្រសើរនៅឡើយ។

ក្នុងស្មារតីនេះ ក្រសួងសូមធ្វើការណែនាំបន្ថែមទៀតដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជននៅទូទាំងប្រទេស ត្រូវអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់ និងជាប្រចាំនូវ បទបញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ និងប្រើប្រាស់ផលិតផលថ្នំាជក់ និងគ្រឿងស្រវឹង ដែលមានចែងក្នុងច្បាប់ អនុក្រឹត្យ សារាចរណែនាំ សេចក្តីណែនាំ សំដៅបង្ការ និងទប់ស្កាត់ហានិភ័យសុខភាព ដែល បណ្តាលមកពីការស្រូបផ្សែងផលិតផលថ្នាំជក់ និងគ្រោះថ្នាក់នៃការសេពគ្រឿងស្រវឹង ចំពោះបុគ្គលិកអប់រំ និងអ្នកសិក្សា។

សូមបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា  ការប្រើប្រាស់ថ្នាំជក់នៅតែជាមូលហេតុចម្បងដែលបណ្តាលឱ្យស្លាប់។ តាមការអង្កេតរបស់ ក្រុមជំនាញផ្នែកសុខភាពនៅកម្ពុជា ប្រជាពលរដ្ឋប្រមាណ ១០.០០០នាក់ស្លាប់ ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺ ដែលបង្កឡើងដោយការប្រើប្រាស់ថ្នាំជក់ ខណៈដែលការ ព្យាបាលជំងឺ ទាំងនេះត្រូវចំណាយខ្ពស់៕

ដោយ ប៉ាល់ សុង