អភិបាលខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ផ្តើមចេញមកពីកត្តា៣យ៉ាង

AKP ពោធិ៍សាត់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ -ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ផ្តើមចេញមកពីកត្តា៣យ៉ាងគឺ៖ កត្តាមនុស្ស កត្តាសម្ភារ និងកត្តាផ្លូវ ។ កត្តាទាំង៣នេះសូមឱ្យយើងទាំងអស់គ្នា ជាពិសេសអ្នកប្រកបរបររត់តាក់ស៊ី និងម៉ូតូឌុប ត្រូវតែបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ និងពេលបើកបរ ព្រោះថា យ៉ាងហោចណាស់មានអ្នកជិះចាប់ពី១ទៅ៥នាក់ ដែលបានផ្ញើជីវិតទៅលើអ្នកបើកបរ។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់បែបនេះនៅក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសួនច្បារនៃស្ពានថ្មមុខសាលាខេត្តដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទិវានេះមានគោលបំណងក្រើនរម្លឹកដល់ប្រជាពល រដ្ឋ ជាពិសេសក្មួយៗយុវជន យុវនារីបង្កើនស្មារតី និងយកចិត្តទុកដាក់បង្ការទប់ស្កាត់ឱ្យខាងតែបានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិនិងពិការភាព។ ដូច្នេះយើងទាំងអស់គ្នាសូមចូលរួម និងអនុត្តន៍ទាំងអស់គ្នានូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា « ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានចែកមួកសុវត្ថិភាពជូនដល់អ្នកចូលរួមក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ចំនួន៥០ផងដែរ ៕

ដោយ ណៅ ធឿន