លំហាត់សមយុទ្ធអន្តរាគមន៍ពន្លត់អគ្គិភ័យដើមី្បពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលជំនាញ បង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ

AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែឧសភា ឆ្នា២០១៩ -លោក នៅ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និង      សង្គ្រោះ បានជំរុញដល់មន្រ្តីនគរបាលពន្លត់អគ្គិភ័យត្រូវខិតខំ ពង្រឹងសមត្ថភាព ដើម្បីទប់ស្កាត់ និងពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋឱ្យបានទាន់វេលា។ នេះជាប្រសាសន៍របស់លោកធ្វើឡើងកាលពីថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ ព្រមទាំងមន្រ្តីនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៥នាក់។

លោក នៅ សុវណ្ណារិទ្ធ  បានមានប្រសាសនបន្តថា លំហាត់សមយុទ្ធអន្តរាគមន៍បង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានបង្ហាញអំពីបច្ចេកទេស និងវិធិសាស្ត្រលើការពន្លត់អគ្គិភ័យក្នុងការបាញ់ទឹក ដើមី្បធានាក្នុងការពន្លត់ឱ្យចំគោលដៅ ព្រមទាំងធានាបានសុវត្ថិភាពដល់កម្លាំងពន្លត់អគ្គិភ័យក៏ដូចអ្នករងគ្រោះផងដែរ។ លោកបានរម្លឹកផងដែរថា មន្រ្តីផ្នែកពន្លត់អគ្គិភ័យត្រូវ ពង្រឹងសមត្ថភាពឱ្យបានស្ទាត់ជំនាញ ដើម្បីបង្ការ និងពន្លត់អគ្គិភ័យដែលកើតមានឡើង ជូន ប្រជាពលរដ្ឋបានទាន់វេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងសហការជាមួយប្រជា ពលរដ្ឋ ក្នុងការផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស សម្រាប់ចាត់វិធានការជួយសង្គ្រោះបានទាន់ ពេលវេលា សំដៅរក្សានូវសុខសុវត្ថិភាព ទ្រព្យសម្បត្តិ ជាពិសេសត្រូវមានភាពម្ចាស់ការ ក្នុងការក្តាប់សភាពការណ៍ឱ្យបានច្បាស់លាស់ និងចុះត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពតាមគោលដៅក្នុងមូលដ្ឋាន ដើម្បីបង្ការរនិងទប់ស្កាត់អគ្គិភ័យ កុំឱ្យកើតមានឡើង។

លោកបានលើកឡើងទៀតថា ដើម្បីបើកលំហាត់សមយុទ្ធពន្លត់អគ្គិភ័យក្នុងការបញ្ជា ឱ្យរថយន្តបង្ការពន្លត់អគ្គិភ័យធ្វើដំណើរទៅតាមដងវិថីនានាក្នុងក្រុងក្នុងការដាស់នូវស្មារតីរបស់ប្រជាពលរដ្ឋនៅតាមគេហដ្ឋានមានការចូលរួមនឹងយកចិត្តទុកដាក់ខ្ពស់លើការបង្ការកុំឱ្យមានកើតនូវអគ្គិភ័យនៅតាមមូលដ្ឋានរបស់ខ្លួន។ ម្យ៉ាងទៀតក៏ជាការពង្រឹងនូវសមត្ថភាពដល់កងកម្លាំងពន្លត់អគ្គិភ័យឱ្យមានស្មារតីស្វាហាប់ ពុះពារ រាល់ឧបសគ្គ ក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ ដើមី្បធានានូវគុណភាពនៃគ្រឿងរថយន្តផងដែរ។ លោកបានបន្តទៀតថា ការធ្វើលំហាត់សមយុទ្ធនេះ ក្នុងគោលបំណងបង្កើនសមត្ថភាពបន្ថែមដល់កងកម្លាំង និងដើមី្បធ្វើការ ត្រួតពិនិត្យនូវឧបករណ៍សម្ភារបច្ចេកទេស រថយន្តព្រមទាំងធ្វើការដាស់តឿនក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាគ្រោះអគ្គិភ័យកើតឡើងជាយថា ហេតុ ព្រមទាំងបានសំណូមពរសូមឱ្យប្រជាពលរដ្ឋនៅគ្រប់លំនៅឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប គ្រឹះស្ថានសិក្សា រោងមហោស្រព ត្រូវមានការប្រុងប្រយ័ត្នចំពោះឧបករណ៍ប្រើប្រាស់ផ្សេងៗដែលងាយបង្កឱ្យកើតមានអគ្គិភ័យ ដូចជា៖ ចរន្តអគ្គិសនី ភ្លើងទៀន ភ្លើងធូប ចង្ក្រាន ធុងហ្គាស និងការដុតសំរាម គឺត្រូវយកចិត្តទុកដាក់ខ្ពស់មុនពេលដែលបងប្អូនចេញពីលំនៅឋានទៅប្រកបការងារ ដើរកម្សាន្ត និងពេលចូលសម្រាន្ត ដើមី្បចូលរួមក្នុងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ។

លោកបានបញ្ជាក់ទៀតថា ការធ្វើលំហាត់នេះ បានធ្វើឱ្យកងកម្លាំងយើងទទួលបាននូវ បច្ចេកទេសល្អៗមួយចំនួនលើការរហ័ស រហួនក្នុងការទាញយកឧបករណ៍សម្ភារប្រើប្រាស់ ក្នុងការបាញ់ទឹកពន្លត់អគ្គិភ័យសមស្របទៅតាមបច្ចេកទេស ដែលយើងអាចទទួលយកបាន ។ ក្នុងនោះលោកក៏បានធ្វើការណែនាំ និងផ្តល់នូវបច្ចេកទេសមួយចំនួនដល់កងកម្លាំងពន្លត់  អគ្គិភ័យ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតទៅលើបច្ចេកទេស ក្នុងការប្រើប្រាស់សម្ភារពន្លត់់ និងត្រូវមានស្មារតីស្វាហាប់ចំពោះការងាររបស់ខ្លួនផងដែរ។ លោកបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំរថយន្ត និងឧបករណ៍សម្ភារបំពាក់ដើមី្ប ធានាឱ្យខាងតែបាន នៅពេលមានហេតុការណ៍អី្វកើតឡើង សំខាន់គឺត្រៀមលក្ខណៈ មុន និងត្រួតពិនិត្យ សម្ភារ ឧបករណ៍ និងរថយន្ត ត្រៀមខ្លួនជាស្រេច ក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានល្អប្រសើរ ៕

ដោយ បៃ ស៊ីថុន