ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកំណាត់ផ្លូវក្រាលកៅស៊ូប្រភេទ DBST និងស្ពានបេតុង នៅស្រុករលាប្អៀរ

AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ -កាលពីថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលមាន ប្រវែង ៣៥.៤៥៧ម៉ែត្រ និងស្ពានបេតុងមានប្រវែង ១២៥ម៉ែត្រ របស់គម្រោងកែលម្អផ្លូវជនបទ (ជំហានទី១)ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ចម្ងាយផ្លូវមួយខ្សែនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្លងកាត់ស្រុករលាប្អៀរ ដែលពីមុនជាផ្លូវលំដីក្រហម បច្ចុប្បន្នបានប្រែក្លាយជាផ្លូវក្រាលកៅស៊ូ ស្ថាបនាទើបរួចរាល់ជាស្ថាពរនៅដើមឆ្នាំ២០១៩ ដោយប្រើប្រាស់ថវិការបស់សាធារណរដ្ឋប្រជាមានិតចិន ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសមានសុខសន្តិភាព មានការ​អភិវឌ្ឃ​​រីកចម្រើនលើគ្រប់វិស័យ ហើយកំណាត់ផ្លូវដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ​គឺជា​សមិទ្ធផល​មួយថ្មីបន្ថែមទៀត ដែលជាជំនួ របស់ចិន ដោយមានការ យកចិតទុកដាក់រាជរដ្ឋាភិបាលបានផ្តល់ឱ្យប្រជាពលរដ្ឋ បាន​ប្រើប្រាស់។ ឯកឧត្តមបញ្ជាក់ទៀតថាបេសកកម្មរបស់យើងមិនធ្វើតែប៉ុណ្ណឹងគ្រប់គ្រាន់នោះ​ទេ គឺត្រូវធ្វើបន្ថែម​ទៀត​ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង។

ជាមួយគ្នានឹងសមិទ្ធផលនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ និងសាធារណជនទាំងអស់ដែលបានប្រើប្រាស់ផ្លូវមួយខ្សែនេះ សូមចូលរួមថែរក្សា ការពារ និងគោរពតាមគោលការណ៍នានានៃច្បាប់ចរាចរណ៍ របស់កម្ពុជា ដើម្បីសុវត្ថិភាព និងកំណើនសេដ្ឋកិច្ចគ្រួសារ ។ ជាសំខាន់បងប្អូនដែលរស់នៅ ក្នុងឃុំជ្រៃបាក់ និង នៅតាមបណ្តោយផ្លូវនេះក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលបានយ៉ាងងាយស្រួល និង ចំណាយតិច នោះជាការឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “មានផ្លូវមានក្តីសង្ឃឹម ៕

ដោយ បៃ ស៊ីថុន