ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះមួយគ្រួសារបានទទួលអំណោយផ្ទះ១ខ្នង និងប្រជាពលរដ្ឋក្រីក្របានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ -ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ឯកឧត្តមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះ១ខ្នងជូនដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយភ្លើងឆេះផ្ទះមួយគ្រួសារ និងប្រជាពលរដ្ឋក្រីក្រ៥៤គ្រួសារទៀតបានទទួលអំណោយជាសម្ភារ និងថវិកា ពីកាកបាទក្រហមកម្ពុជា កាលពីថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដែលរស់នៅក្នុងភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការប្រគល់ផ្ទះ១ខ្នងជូនដល់ប្រជាពលរដ្ឋដោយភ្លើងឆេះផ្ទះ និង ការចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពល រដ្ឋក្រីក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែក ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារហូបនោះទេ ។

ឯកឧត្តមបន្តថា នេះគឺជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ “ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន បុគ្គល អង្គភាព ក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលផងដែរ ។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទំាងទ្វេ តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តមបន្ថែមទៀតថា ការចែកអំណោយមនុស្សធម៌នេះ គឺស្របទៅនឹងការអនុវត្តវិស័យស្នូលទំាងបួន ដើម្បីឱ្យមានភាពកាន់តែប្រសើរឡើង ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ជាតិ ឱ្យទទួលបានជោគជ័យ ស្របតាមសូចនាករ និងការគោរពគោលការណ៍គ្រឹះទំាងប្រាំពីរ ភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព ។ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព រស់នៅមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ សម្រាន្តក្នុងមុង និងមិនត្រូវសេពគ្រឿងស្រវឹងនៅពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ហើយបើកបរត្រូវចេះយោគយល់គ្នាទៅវិញទៅមក ៕

ដោយ ទិត ស្រ៊