រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុង គោលបំណងលើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងការរិតបន្តឹងការអនុវត្ត ច្បាប់ ដើម្បីឱ្យអ្នកប្រើប្រាស់ផ្លូវទាំងឡាយយល់ថា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការ គោរពស្រឡាញ់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ និងសូមចូលរួមអនុវត្តន៍ឱ្យបាន

នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅទីលានប្រជាធិបតេយ្យថ្មីឫស្សីកែវ ដោយមានការចូលរួមពី លោក មាន ចាន់យ៉ាដា  អភិបាលរងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ សិស្សានុសិស្ស អាជីវករ ពលករ កម្មករ កម្មការិនី ប្រមាណជាង៥០០នាក់។

ក្នុងឱកាសនោះតំណាងជនពិការ៣រូបបានឡើងសម្តែងពីអារម្មណ៍ពិតរបស់ខ្លួន ដែល ខ្លួនជាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍កន្លងមក ពីទុក្ខលំបាកក្នុងការរស់ នៅដោយខ្លួនជាជនពិការបានបាត់បង់ឱកាសជាច្រើន ខុសពីអ្នកមិនពិការ ដែលបន្សល់ទុក ដោយគ្រោះថ្នាក់ចរាចរណ៍។ ជនពិការទាំង៣រូបបានផ្ញើសារទៅដល់អ្នកបើកបរទាំងឡាយ កុំធ្វេសប្រហែស ក្នុងការបើកបរបើកបរគោរពច្បាប់ចរាចរណ៍មិនស្ថិតក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹង,គ្រឿងញៀន,បើកបរមានការយោគយល់គ្នា។ អ្នកបើកបរដឹកអ្នកដំណើរត្រូវគិតថា ជីវិតអ្នកដំណើរផ្ញើលើអ្នកបើកបរ។

លោក មាន  ចាន់យ៉ាដា  បានថ្លែងថា អត្ថន័យសារបស់ជនពិការ គឺពិតជាមានន័យ ណាស់ ជាសាររម្លឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យចូលរួមគោរព និងអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ មានតែជនពិការខ្លួនឯងទេ ទើបដឹងពីភាពវេទនាដោយ គ្រោះថ្នាក់ចរាចរណ៍។

លោកបន្តថា ឥរិយាបថរបស់អ្នកបើកបរជាកត្តាកំណត់សំខាន់ជាងគេក្នុងបញ្ហា គ្រោះថ្នាក់ចរាចរណ៍។ បញ្ហាចរាចរណ៍ជារឿងយើងទាំងអស់គ្នាដែលត្រូវចូលរួម អនុវត្តន៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ផ្តើមចេញពីការរីកចម្រើនយ៉ាង ឆាប់រហ័សរបស់រាជធានីភ្នំពេញធ្វើឱ្យទីក្រុងមួយនេះប្រឈមនឹងបញ្ហាចរាចរណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននៅពេលស្ថិតិកំណើនយានយន្ត ដែលបានចុះបញ្ជីនៅរាជធានីភ្នំពេញគ្រាន់ តែរថយន្តមានប្រមាណ៥សែនគ្រឿង,ទោចក្រយានយន្តប្រមាណ២លានគ្រឿងកំពុងធ្វើចរាចរណ៍លើដងវិថីក្នុងរាជធានីភ្នំពេញ។

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើ ប្រាស់ផ្លូវឱ្យយកចិត្តទុកដាក់លើការគោរពច្បាប់ចរាចរណ៍ផ្លូវគោកសំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យ នៅកម្រិតទាបនិងអប់រំផ្សព្វផ្សាយស្តីពីហានិភ័យបណ្តាលមក ពីបើកបរហួសល្បឿនកំណត់, ស្រវឹងបើកបរ, ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវាត់ជាដើម គឺក្នុងគោលបំណងឈានទៅរួមគ្នាលុបបំបាត់ ភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈនិងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន៕

ដោយ សួស សំរិត