រដ្ឋបាលខេត្តបាត់ដំបងរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២

AKP ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃអង្គារ ១០រោច ខែវិសាខ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ងួន រតនៈ​ អ​ភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។ ទិវាសប្តាហ៍ជាតិចរាចរណ៍ផ្លូវគោកនេះ មានការអញ្ជើញចូលរួមពីសំណាក់​ឯកឧត្តម លោកជំទាវ សមាជិកក្រុម​ប្រឹក្សាខេត្ត អភិបាលរង​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត ប្រមាណជាង ៥០០នាក់។

ឯកឧត្តម ងួន​រតនៈ​ បានមានប្រសាសន៍ក្នុងទិវាចរាចរណ៍សប្តាហ៍ថាស្ថានភាព គ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្នគឺជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលបង្កឡើង ដោយសារការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែងដោយប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពល គ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ និងមិនពាក់ខ្សែក្រវាត់ សុវត្ថិភាពពេលធ្វើដំណើរតាមរថយន្តបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរបណ្តាលឱ្យរបួសពិការ ឬបាត់បង់ជីវិតមនុស្សយ៉ាងអាណោច​អាធម្ម រួមជាមួយ នឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើននៅក្នុងសង្គមកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដោយផ្ទាល់ដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តន៍ឱ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ៕

ដោយ៖ណយ នឿន (ប្រភពរដ្ឋបាលខេត្តបាត់ដំបង)