រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២

AKP សៀមរាប ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើក ទី១២  កាលពីព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស គរុសិស្ស និងយុវជនកាក បាទក្រហម សហភាពសហព័ន្ធយុវជនខេត្ត និងប្រជាពលរដ្ឋ សរុបចំនួន៥១០នាក់ចូលរួម។

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន និងជាប្រធានលេខា ធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានបង្ហាញអំពី តួរលេខគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៤ខែឆ្នាំ២០១៩ ពោលគឺបានកើតមាន ឡើងចំនួន២៨ករណី បណ្តាលឱ្យស្លាប់មនុស្ស ២៦នាក់ របួសធ្ងន់១១នាក់ និងស្រាល១៤នាក់ ពោលគឺមិនមានការថយចុះឡើយបើប្រៀបធៀបទៅឆ្នាំ២០១៨។

លោក គឹម ប៉ុណ្ណា បានវាយតម្លៃថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកគឺនៅ តែស្ថិត នៅក្នុងបញ្ហាប្រឈមចំពោះការអភិវឌ្ឍជាតិ សុខុមាលភាពប្រជាជន ប៉ះពាល់ដល់គោល នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងបន្សល់ផលវិបាកជាច្រើនទៀតដល់ សង្គមជាតិ ដូចជាបានបង្កើតឡើងនូវសោកនាដកម្ម បន្សល់ទុកកូនកំព្រា ស្រ្តីមេម៉ាយ និងពិការភាពជាដើម។

នៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍នេះដែរ លោក ពិន ប្រាកដ បានឱ្យដឹងថា ការប្រារព្ធទិវានេះឡើងគឺជាការបន្លឺស្នូជួងជាថ្មីទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើងនិងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថដែលមិន គោរពច្បាប់ មកប្រកាន់យកឥរិយាបថចេះអព្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍។

លោក ពិន ប្រាកដ បានឱ្យដឹងទៀតថា ប្រទេសស្ថិតនៅក្រោមដំបូលសុខ សន្តិភាពពេញលេញ បានធ្វើឱ្យជីវភាពនិងកំណើនសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋកាន់តែមាន ភាពប្រសើរឡើង និងមានលទ្ធភាពក្នុងប្រើប្រាស់មធ្យោបាយធ្វើដំណើរកាន់តែ មានការកើន ឡើងឥតគណនា ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហានិភ័យនៃការកើតនូវ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាបីយ៉ាង គឺកត្តាមនុស្ស កត្តាសម្ភារមធ្យោបាយ និងផ្លូវថ្នល់។

លោកបានបញ្ជាក់ថា ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ដើមី្បចូលរួមជាមួយអង្គការសហប្រជាជាតិ គឺសំដៅក្រើនរម្លឹក ពញាក់អារម្មណ៍ដល់ជនរួមជាតិគ្រប់រូប ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ ដើមី្បចៀសវាងឱ្យផុតពី គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

គួរបញ្ជាក់ថា នៅក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនោះ ក៏បានធ្វើការបំពាក់មួកសុវត្ថិភាពមួយចំនួនជូនដល់យុវជនកាកបាទក្រហម សិស្សានុសិស្ស គរុសិស្ស និងសហភាពសហព័ន្ធយុវជនខេត្តដោយមិនគិតប្រាក់ផងដែរ៕

ដោយ ហង្ស សៀក