មន្រ្តីបច្ចេកទេសជំនាញបុរាណវិទ្យា និងស្ថាបត្យកម្មចំនួន១១នាក់ ចុះសិក្សាអំពីការងារ អភិរក្ស និងជួសជុលសំណង់បុរាណ នៅឧទ្យានអង្គរ

AKP សៀមរាប ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ — មន្រ្តីបច្ចេកទេសអភិរក្ស និងជួសជុលជណ្តើរខាងជើងព្រមទាំងមន្រ្តីពលករជំនាញបុរាណវិទ្យា និងស្ថាបត្យកម្មចំនួន១១នាក់ បានធ្វើទស្សនកិច្ចសិក្សានៅឧទ្យានអង្គរដែលស្ថិតក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ នេះបើតាមការចេញផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងឈ្វេងយល់អំពីការងារអភិរក្ស និង ជួសជុលសំណង់បុរាណ ក្នុងនោះ បានផ្តោតសំខាន់លើការរៀបចំ និងគ្រប់គ្រងឯកសារសិក្សា ស្រាវជ្រាវសមាសភាពជំនាញបច្ចេកទេស ដំណើរការនិងបច្ចេកទេសជួសជុលសំណង់ បុរាណ ប្រព័ន្ធផ្លូវទឹកក្នុងបរិវេណប្រាសាទ និងការរៀបចំគ្រប់គ្រងការដ្ឋានអភិរក្ស។ ទស្សន​កិច្ចសិក្សានេះ បានចុះឈ្វេងយល់នៅតាមការដ្ឋានសំខាន់ៗមួយចំនួនដូចជា ប្រាសាទភ្នំ បាខែង ជួសជុលដោយអង្គការមូលនិធិប្រាសាទពិភពលោក(World Monuments Fund) ប្រាសាទបាយ័នជួសជុលដោយJASA ស្ពានហាល ចូលប្រាសាទអង្គរវត្តជួសជុលដោយ សាកលវិទ្យាល័យសូហ្វីយ៉ា(Sophia University) សហការជាមួយអាជ្ញាធរជាតិអប្សរា ប្រាសាទ តុបខាងលិច ជួសជុលដោយវិទ្យាស្ថានជាតិស្រាវជ្រាវដើម្បីសម្បត្តិវប្បធម៌ណារ៉ា (Nara National Research Institute for Cultural Properties) និងសំណង់ប្រាសាទឥដ្ឋនៅប្រាសាទ បាគង។ ទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសឱ្យមន្រ្តី និងពលករជំនាញបុរាណវិទ្យាបាន រៀនសូត្រ បន្ថែមទៀតទាក់ទងនឹងដំណើរការជួសជុលសំណង់ប្រាសាទបុរាណ និងបង្កើននូវ ភាពជឿជាក់លើខ្លួនឯងបន្ថែមក្នុងការជួសជុលប្រាសាទនៅរមណីយដ្ឋានប្រាសាទព្រះ វិហារ និងប្រាសាទកោះកែរ។

សូមរម្លឹកថា កាលពីថ្ងៃពុធ ទី២២ ដល់ថ្ងៃសៅរ៍ ទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ដោយ មានការជួយឧបត្ថម្ភគាំទ្រថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតអាម៉េរិក(Ambassadors Fund for Cultural Preservation-AFCP) ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បាន​ដឹកនាំមន្រ្តីបច្ចេកទេសអភិរក្ស និងជួស ជុលជណ្តើរខាងជើងព្រមទាំងមន្រ្តីពលករ ជំនាញ បុរាណវិទ្យា និងស្ថាបត្យកម្មចំនួន១១នាក់ បានធ្វើទស្សនកិច្ចសិក្សានៅ ឧទ្យានអង្គរដែលស្ថិត​ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

ដោយ គង់ សិរីរ័ត្ន