គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ចំនួន៣

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ — គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំ ដោយឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ រួមសហការជាមួយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភា ដឹកនាំ ដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ និងតំណាងរាជរដ្ឋាភិបាលដឹកនាំ ដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភានេះ ដោយបានលើកយកសេចក្តីព្រាងច្បាប់ចំនួន៣ មកពិនិត្យ និងសិក្សា។

សេចក្តីព្រាងច្បាប់ចំនួន៣នោះរួមមាន៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ច ព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិត បង់ក្លាដែស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាព អារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសជាមិត្តឱ្យ កាន់តែទូលំទូលាយថែមទៀត ក៏ដូចជាសិក្សារកយន្តការ មួយចំនួនទាក់ទងទៅនឹងលំហូរទុនវិនិយោគ រវាងប្រទេសកម្ពុជា និងអន្តរជាតិ។​

សេចក្តីព្រាងទាំងបីនោះ ក៏នឹងផ្តល់នូវការធានាផ្លូវច្បាប់ដល់ការវិនិយោគ​បរទេស ដែលចូល មកស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយអ្នកវិនិយោគកម្ពុជា ដែលចេញទៅរកស៊ី នៅក្នុងប្រទេសដៃគូ ដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក។

តំណាងរាជរដ្ឋាភិបាល បានពន្យល់ដល់គណៈកម្មការជំនាញរដ្ឋសភាបន្ថែមថា ភាគី ជាប់កិច្ច សន្យាជាម្ចាស់ផ្ទះក៏មានភារកិច្ចផ្តល់នូវប្រព្រឹត្តិកម្មត្រឹមត្រូវស្មើភាព ដើម្បីអ្នកវិនិយោគ ដែលកំពុង វិនិយោគលើទឹកដីរបស់ខ្លួនទទួលបាននូវការការពារ និងសន្តិសុខពេញលេញ ព្រមទាំងមិនធ្វើឱ្យខូចប្រយោជន៍ដល់ការគ្រប់គ្រង ការថែរក្សា ការប្រើប្រាស់ ការទទួលផល និងការ​ចាត់ចែងការ វិនិយោគដោយវិធានការមិនសមហេតុផល ឬរើសអើងពីភាគីណាមួយ ឡើយ​។

ក្រោយពីបានស្ដាប់ការពន្យល់របស់តំណាងរាជរដ្ឋាភិបាលរួចមក ឯកឧត្តម ជា វ៉ាន់ដេត ក៏ដូចជា ឯកឧត្តម  ឈាង វុន បានឯកភាពទាំងស្រុងលើខ្លឹមសារសេចក្តីព្រាងច្បាប់ ទាំងបីខាងលើ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានតាក់តែងសេចក្តីព្រាង ច្បាប់ទាំងបីនេះឡើង ក៏ដូចជាបានខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីចុះកិច្ច ព្រមព្រៀងនានា ក្នុងការជំរុញនិងទាក់ទាញអ្នកវិនិយោគបរទេសចូលមក កម្ពុជាឱ្យកាន់ច្រើន​។ គណៈកម្មការជំនាញរបស់រដ្ឋសភា ក៏បានបញ្ជាក់ថានឹងបញ្ជូនសេចក្ដី ព្រាងច្បាប់ទាំងបីខាងលើទៅ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់ បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញ អង្គរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេល ខាងមុខទៅតាមការស្នើឡើងរបស់រាជរដ្ឋាភិបាល៕

ដោយ ប៉ាល់ សុង