រដ្ឋមន្រ្ដីក្រសួងកសិកម្មស្នើឱ្យអ្នកវិនិយោគចិនពិចារណាធ្វើការវិនិយោគលើដំណាំកសិ   ឧស្សាហកម្ម ដើម្បីងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារចិន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យអ្នកវិនិយោគចិន ពិចារណា​ធ្វើការ​វិនិយោគលើការចិញ្ចឹមសត្វ ចំណីសត្វ ដាំឈើឧស្សាហកម្ម និងដំណាំកសិឧស្សាហកម្ម​សំខាន់ៗ​មួយចំនួនទៀតដូចជាពោត ដំឡូងមី មៀន ដែលកំពុងមានសក្តានុពលក្នុងការនាំ​ចេញ​ផ្តោតទៅលើការដាំដុះ កែច្នៃ វេចខ្ចប់ និងនាំចេញ ឆ្លើយតបតាមស្តង់ដារគុណភាព អនាម័យ និងភូតគាមអនាម័យដែលទីផ្សារចិនតម្រូវ។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា ការងារជាមួយលោក Gan Jusheng អគ្គលេខាធិការសមាគមស្រាវជ្រាវសុខភាព នៃសាធារ ណរដ្ឋប្រជាមានិតចិន (China Subhealth Research Association) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃចន្ទ ០៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមាន​ប្រសាសន៍ថា ការវិនិយោគលើវិស័យកសិកម្មនេះ នឹងចូលរួមចំណែកជួយលើកកម្ពស់ការ​ផលិត និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យកសិកម្ម ដើម្បីជាប្រយោជន៍ដល់ប្រជា​កសិករកម្ពុជាក្នុងកាត់បន្ថយថ្លៃដើម។ ឯកឧត្តមបានជំរុញដល់គណ:ប្រតិភូដែរថា គួរសហការ ឬស្វែងរកដៃគូ សហការ ជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីស្វែងរកដី និងធ្វើការដាំដុះ និងធ្វើឱ្យ ផែនការវិនិយោគទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ ប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍ ប្រទេសកម្ពុជាឱ្យមានការរីកចម្រើន និងជាពិសេសតាមរយ:គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិន បានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោន ហើយថ្មីៗបានអនុញ្ញាតឱ្យកម្ពុជា​នាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិន។ ក្រៅពីនេះ ភាគីទាំងពីរបាននិង​កំពុង​សិក្សាពីនីតិវិធីច្បាប់ និងបច្ចេកទេសដើម្បីធ្វើការនាំចេញផ្លែស្វាយ ម្រេច មៀន និងទឹកមាត់​ត្រចៀកកាំ ហើយសង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា តាមរយ:គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ កម្ពុជា​នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ហើយ​រំពឹង​ថាភាគីចិននឹងបន្តពិនិត្យ និងអនុញ្ញាតឱ្យកសិផលកម្ពុជានាំចេញទៅកាន់ទីផ្សារចិនបន្ថែម​ទៀតនា​ពេលអនាគត។

លោក Gan Jusheng បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ប្រតិភូអញ្ជើញមកជាមួយ​លោកនាថ្ងៃនេះគឺមកពីសមាគម និងក្រុមហ៊ុនសំខាន់ៗទាក់ទងនឹងការធ្វើជំនួញផ្នែកឱសថ ការ​ការពារសុខភាព កសិកម្ម ពាណិជ្ជកម្ម ការកែច្នៃ និងវប្បធម៌គោលបំណងដើម្បីពង្រឹង​ចំណងមិត្តភាពសិក្សាឈ្វេងយល់អំពីសក្តានុពល លទ្ធភាព និងឱកាសនៃការវិនិយោគ ធ្វើ​ជំនួញ​នៅប្រទេសកម្ពុជា។ លោកបានបន្ដថា គោលបំណងសំខាន់របស់គណៈប្រតិភូជួប​ជាមួយ​ឯកឧត្តមរដ្ឋមន្រ្ដីនេះគឺ ដើម្បីពង្រឹងចំណងមិត្តភាព សិក្សាឈ្វេងយល់អំពីសក្តានុពល លទ្ធភាព និងឱកាសនៃការវិនិយោគ ធ្វើជំនួញ និងកាផ្លាស់ប្តូរសកម្មភាពផ្សេងៗ​ទាក់ទងនឹង​វិស័យកសិកម្ម សុខភាព និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ចំពោះវិស័យកសិកម្ម សមិទ្ធផល​ដែលសមាគម​សម្រេចបានកន្លងមក គឺបានជួយជំរុញការវិនិយោគដាំដុះផ្លែដូងនៅខេត្តក្រចេះ បានជាង​១.០០០ហិកតា។ លោកសង្ឃឹមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តល់​ការគាំទ្រ កិច្ចសហការ និងលើកទឹកចិត្តចំពោះសមាគម និងវិនិយោគិនចិនដែល​បានកំពុង និងរៀប ចំផែនការវិនិយោគនៅកម្ពុជាដើម្បីឱ្យវិស័យនេះកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះគណ:ប្រតិភូ ដែលបាន​អញ្ជើញមកធ្វើ​ទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់បន្ថែមពីស្ថានភាព និងឱកាសនៃការ វិនិយោគ​ ជាពិសេស​ក្នុងវិស័យកសិកម្ម លើដំណាំដែលជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ និង​ផលិតជា​ឱសថនៅ​កម្ពុជា៕

ដោយ អ៊ុន រិទ្ធី