ប្រមុខរាជដ្ឋាភិបាលកម្ពុជាគាំទ្រគោលដៅរួមដើម្បីកសាងពិភពលោកមួយ ដែលគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបា​ន​​បន្តកិច្ចសហការ និងគាំទ្រប្រទេស និងប្រជាជនកម្ពុជាក្នុងពេលកន្លងមក ហើយរំពឹងយ៉ាង​មុ​ត​​មាំចំពោះសុឆន្ទៈនៃការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍនេះ ឱ្យកាន់តែ​ស​​កម្មខ្លាំងឡើងថែមទៀត ដើម្បីគោលដៅរួមរបស់យើងទាំងអស់គ្នា គឺ «កសាងពិភពលោកមួ​យ​​ ដែលគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។

នេះបើយោងតាមសុន្ទរកថាសម្ដេចតេជោ នាយករដ្ឋមន្ត្រី ​ក្នុងស​ន្និ​បា​ត​ប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច​សម្រាប់អាស៊ី និងប៉ា​ស៊ី​ហ្វិ​ក ​នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមមូលបទ «ការ​ផ្តល់​សិទ្ធិអំណាចប្រជាជន និ​ង​ការ​ធានានូវបរិយាប័ន្ន និងសមភាព» នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩​នៅទីក្រុងបាងកក ព្រះ​រាជាណាចក្រថៃ។

សម្តេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសរំលេច និងបានបង្ហាញអំពី​គន្លឹះ​គោ​លនយោ​បាយអភិវឌ្ឍន៍ចំនួន៣ របស់កម្ពុជា ក្នុងការសម្រេចគោលដៅ «គ្មាននរណា​ម្នាក់​ត្រូ​វ​​បាន​បំភ្លេចចោល» ដែលក្នុងនោះរួមមាន ទី១- ការដាក់ចេញនូវ ក្របខ័ណ្ឌគោលន​យោ​បា​យ​​ជាតិគាំពារសង្គម ២០១៦-២០២៥ ដើម្បីបង្កើតផែនការយុទ្ធសាស្រ្ត ក្នុងការធានាឱ្យ​មាន​សុវ​ត្ថិ​ភាព ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង​បង្កើ​នសុខុមាលភាពរបស់ប្រជាជន និងពង្រឹងសាមគ្គីភាពក្នុងសង្គម។ ទី២- ការផ្តល់​សេវាថែ​ទាំ​​សុខភាព ដែលមានគុណភាព និងមានតម្លៃសមរម្យ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែ​លបានផ្តល់សេវាថែទាំសុខភាព ដោយឥតគិតថ្លៃ ដល់ប្រជាជនក្រីក្រ ព្រមទាំងការផ្តល់នូវ​ជំ​នួយឧបត្ថម្ភជាសាច់ប្រាក់ ដល់ស្រ្តីសម្រាលកូន ក៏ដូចជាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអា​យុ​ក្រោម​២ឆ្នាំ នៃគ្រួសារក្រីក្រ។ ទី៣- ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមនុស្ស​វ័យ​ចា​ស់២០១៧-២០៣០ ដែលសំដៅគាំទ្រ និងដោះស្រាយបញ្ហារបស់មនុស្សវ័យចាស់ ដោយ​យ​ក​ចិត្ត​ទុកដាក់លើការប្រែប្រួល នៃកត្តាប្រជាសាស្ត្រ ជាមួយនឹងចក្ខុវិស័យនៃការធានាថា មនុស្ស​វ័​យ​ចាស់​អាចចូលរួមដោយសេរី និងមានសេចក្តីថ្លៃថ្នូរ នៅក្នុងគ្រួសារ សហគមន៍ សកម្មភា​ព​សេ​​ដ្ឋកិច្ច សកម្មភាពសាសនា និងសកម្មភាពនយោបាយ តាមបំណងប្រាថ្នារបស់ពួកគាត់។ ទន្ទឹមនេះ ប្រជាជនវ័យក្មេង ក៏ត្រូវតែទទួលបានចំណេះដឹង និងជំនាញដែលអាចអនុញ្ញាតឱ្យ​ពួក​គេ​​រស់នៅប្រកបដោយផលិតភាព សុខភាពល្អ មានភាពសកម្ម និងមានសេចក្តីថ្លៃថ្នូរ នៅ​ពេ​ល​​ពួកគេឈានដល់វ័យចំណាស់។

សម្ដេចតេជោបានគូសបញ្ជាក់ផងដែថា បទពិសោធន៍​រប​ស់​​កម្ពុជា បានបញ្ជាក់ច្បាស់ថា សន្ដិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិន​អាចខ្វះបាន​សម្រា​ប់​ការអភិវឌ្ឍ ហើយបញ្ច្រៀសមកវិញ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺលក្ខ​ខណ្ឌ​ដ៏ចាំបាច់សម្រាប់ពង្រឹង និងធានានូវសុខសន្ដិភាព និងស្ថិរភាពសង្គម។ សម្ដេចតេ​ជោបានសង្កត់ធ្ងន់ថា សន្តិភាព គឺ​ជា​បុ​រេ​លក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត សម្រាប់កសាង​ខឿនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមជាតិ។ លើមូលដ្ឋាននេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋ​កិច្ចជាមធ្យមក្នុងរង្វង់៧.៧ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ហើយ​ បានប្រែក្លាយខ្លួនជាប្រទេសមួយ​ក្នុងចំណោម​ប្រ​ទេស មានកំណើនសេដ្ឋកិច្ចលឿនបំផុត ក្នុង​ពិភពលោក ព្រមទាំងបានឆ្លងកាត់​ពីឋានៈ​ប្រ​ទេ​​សចំណូលទាប មកជាប្រទេសចំណូលមធ្យម​កម្រិតទាប កាលពីឆ្នាំ២០១៥ កន្លងទៅ។ ជាមួយគ្នានេះ អ​ត្រា​ភាពក្រីក្រនៅកម្ពុជា បានបន្ត​ធ្លាក់​ចុះជាលំដាប់ពីជាង៥៣ភាគរយ ក្នុងឆ្នាំ២០០៤ មកត្រឹម​១​៣.៥ភាគរយ ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០ភាគរយ នាបច្ចុប្បន្ន។ សម្ដេចតេជោបាន​លើក​​ឡើងទៀតថា កម្ពុជាមានមហិច្ឆិតាក្នុងការក្ដាប់យកមកវិញនូវមោទនភាពជាតិ តាមរយៈ​ប្រែក្លាយខ្លួន ទៅជាប្រទេស​ចំ​ណូ​លមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល ខ្ពស់​នៅឆ្នាំ២០៥០ ផងដែរ៕

ដោយ ជឹម ណារី