រដ្ឋមន្ត្រីក្រសួងការងារ៖ កម្លាំងពលកម្មកម្ពុជាចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹង និង បណ្តុះបណ្តាលបច្ចេកទេសបន្ថែម ដើម្បីទទួលបានការងារថ្មីៗ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ដើម្បីឱ្យកម្លាំងពលកម្ម រីកចម្រើនចាំបាច់ណាស់ត្រូវតែមានការបណ្តុះបណ្តាល ការអប់រំចំណេះដឹង និងបណ្តុះ បណ្តាលផ្នែកបច្ចេកទេសបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅក្នុងស្រុក និង តំបន់។

ថ្លែងក្នុងកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពីអនាគត់នៃការងារសម្រាប់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានអត្រាប្រជាជនអាយុក្រោម២៥ឆ្នាំ ចំនួន៤៩.៥ភាគរយ នៃប្រជាជនសរុប ហើយមាន អត្រា យុវជនអាយុ១៥ ដល់២៤ឆ្នាំ ចំនួន២៨.៩ភាគរយ នៃប្រជាជនដែលស្ថិតក្នុងវ័យធ្វើការ (អាយុ ១៥ ដល់៦៤ឆ្នាំ) ដែលអត្រានេះបានធ្វើឱ្យកម្ពុជា ត្រូវបានចាត់ទុកជា ប្រទេសដែល​មានប្រជា ជនវ័យក្មេង។ ឯកឧត្តមបានបញ្ជាក់ថា រចនាសម្ព័ន្ធប្រជាសាស្ត្រវ័យក្មេងបែបនេះ បានធ្វើឱ្យ ប្រទេសកម្ពុជាកំពុង ទទួលផលចំណេញពីភាគលាភប្រជាសាស្ត្រដែលជា​កាលានុវត្តភាព​សម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។  ប៉ុន្តែផលចំណេញនេះ នឹងមិនអាចត្រូវបាន​សម្រេចនោះទេ ប្រសិនបើប្រជា ជនវ័យក្មេងទំាងនេះ មិនទទួលបានការងារសមរម្យប្រកប ដោយផលិតភាព។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា ក្នុងន័យនេះ កម្លាំងពលកម្មជាពិសេស យុវជន ចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិត ដើម្បីទទួល បានជំនាញមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុកនិងក្នុងតំបន់។

ជាមួយគ្នានោះដែរ ឯកឧត្ដមបានបន្ថែមថា កម្ពុជាកំពុងជួបប្រទះនូវបញ្ហាភាពមិនស៊ីគ្នា នៃជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអប់រំបណ្តុះបណ្តាលនៅ មានកម្រិត  និងមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មដែលកំពុងផ្លាស់ប្តូរយ៉ាង​ ឆាប់រហ័ស។ ជាងនេះទៅទៀត ការវិវត្តបច្ចេកវិទ្យាក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហ កម្មទី៤ នឹងបណ្តាលឱ្យមានការបាត់បង់ការងារ ហើយក៏បង្កើតឱ្យមានប្រភេទការងារថ្មីៗ ផងដែរ។ ទន្ទឹមនេះ អ្នកដែលបាត់បង់ការងារក្នុងដំណាក់កាលវិវត្តន៍នេះ នឹងមិនអាច ស្វែង​រក​ការងារបាននោះទេ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និង​បង្កើនសមត្ថភាពជំនាញ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមទៀតថា “យើងមិនមានជម្រើស​អ្វីក្រៅ ពីបង្កើនសមត្ថភាពជំនាញដល់កម្លាំងពលកម្ម, បង្កើនផលិតភាព, បង្រួមគម្លាតភាពមិនស៊ីគ្នា នៃជំនាញ, ពង្រឹងសេវាព័ត៌មានទីផ្សារការងារ និងសេវារកការងារឱ្យធ្វើ, បង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាល វិជ្ជាជីវៈក្នុងទិសដៅ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា និងកាត់ បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលពិភពការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវ​ការ ជំនាញ​នាពេលអនាគត”៕

ដោយ ប៊ុនរិទ្ធ