ឯកឧត្ដម អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទឥស្លាមស្ដីពីគុណតម្លៃនៃការនិយមកណ្ដាល នៅអារ៉ាប៊ីសាអូឌីត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ -ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់លោក បណ្ឌិតអគ្គលេខាធិការអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) នៅរាត្រីថ្ងៃអាទិត្យ ៨រោចខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក និងជាបេសកជនពិសេស​តំណាង ព្រះរាជាណាចក្រកម្ពុជា​ប្រចាំអង្គការ​សហប្រតិបត្តិការ​ឥស្លាម​ OIC (Organization of Islamic Cooperation)បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់ទីក្រុងម៉ាកាស ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីចូលរួមសន្និសីទឥស្លាម ស្តីអំពី ” គុណតម្លៃនៃការនិយមកណ្តាល ” ក្រោមព្រះរាជាអធិបតីភាពរបស់ព្រះចៅ Salman Bin Abdulaziz Al-Saud ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលមានរយៈពេលបួនថ្ងៃពីថ្ងៃទី២៧ដល់៣០ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នេះគឺជាសន្និសីទលើកទី៤៤ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនៅទីក្រុងម៉ាកាស ប្រទេស អារ៉ាប៊ីសាអ៊ូ ឌីត។ អាណត្តិសមាជិកភាពក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការនេះ មានរយៈពេលប្រាំឆ្នាំ ដែលអាចតែងតាំងសារជាថ្មី ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រតិបត្តិ យោងតាមសំណើរបស់អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ដថា ឝណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយរូបលោកផ្ទាល់ ឈ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទឥស្លាមស្តីអំពី គុណតម្លៃនៃការនិយមកណ្តាល នៅអារ៉ាប៊ីសាអូឌីតលើកនេះ ឯកឧត្ដមនិងគណៈប្រតិភូ នឹងចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់កិច្ចការសាសនា អគ្គលេខាធិការ OIC ដែលជាអង្គការធំទី២ បន្ទាប់ពី UN ប្រធានធនាគារ ISDB រួមនិងស្ថាប័ន ឥស្សរជនសំខាន់ៗផ្សេងទៀត ក្នុងគោលបំណង ពិភាក្សាការងារ និងបង្កើនទំនាក់ទំនង រវាងកម្ពុជា និងប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែជិតស្និទ្ធ យោគយល់គ្នាទៅវិញទៅមក លើការងារអភិវឌ្ឍន៍គ្រប់វិស័យ៕

ដោយសួស សំរិត