ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣​ នៅខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោកប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឱ្យដឹងនៅល្ងាចថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៩ថា ចាប់តាំងពីដំណើរការឃោសនាបោះឆ្នោតរហូតមកដល់ដំណើការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុមប្រឹក្សាក្រុង.ស្រុក.ខណ្ឌអាណត្តិទី៣​ ឆ្នាំ២០១៩នេះ​ ក្នុងខេត្តកំពង់ធំបានដំណើរការប្រកបដោយបរិយាកាសល្អ ដែលគ្រប់គណបក្សនយោ បាយទាំងអស់ដែលបានចូលរួមប្រកួតប្រជែង មានសិទ្ធិចូលរួមប្រកបដោយសេរី និងយុត្តិធម៌ស្មើភាពគ្នាក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ។

លោកប្រែង សាវុធ បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣​ ឆ្នាំ២០១៩នេះ​ ជាទូទៅយើងដំណើរការល្អចំពោះក្រុមប្រឹក្សាឃុំសង្កាត់ក្នុងដំណែងដែលជាអង្គបោះឆ្នោតលោកបានទៅបោះឆ្នោតតាមមណ្ឌលរបស់លោកបានល្អ។ គ្រប់ការិយាល័យទាំង ៩ទូទាំងខេត្តបានបើកទ្វារនៅម៉ោង ៧ព្រឹក ថ្ងៃអាទិត្យទី២៦ ខែឧសភា ​ឆ្នាំ២០១៩ ដោយបានដំណើរការបោះឆ្នោតរហូត មានការិយាល័យចំនួន ៨បានបិទនៅម៉ោងជាង ៩ព្រឹកថ្ងៃ ខែ ឆ្នាំ ដដែល លើកលែងតែការិយាល័យនៅស្រុកប្រាសាទ បល្ល័ង្គមួយបានពន្យាពេលរហូតដល់ម៉ោង ៣:០០ ទើបបិទការិយាល័យតាមនីតិវិធីកំណត់ដោយសារតែសមាជិកក្រុមប្រឹក្សាឃុំសាគ្រាម ២នាក់មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនបានមកបោះឆ្នោត។

នៅក្នុងខេត្តកំពង់ធំ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ៥គណបក្ស រួមមាន៖ គណបក្សប្រជាជន​កម្ពុជា,​ គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសញ្ជាតិកម្ពុជា​, គណបក្សខ្មែររួបរួមជាតិ,​ និងគណបក្សឆន្ទៈខ្មែរ​ ។ លោក ប្រែង សាវុធ បញ្ជាក់ថា ក្នុងខេត្តកំពង់ធំមានការិយាល័យបោះឆ្នោត តាមស្រុក .ក្រុង សរុបចំនួន ៩​ការិយាល័យ មានអង្គបោះឆ្នោតសរុបចំនួន ៥៧៧នាក់​ ចំនួនអង្គបោះឆ្នោតដែលបានមកបោះឆ្នោតចំនួន ៥៧៥នាក់ អវត្តមាន០២នាក់ ដែលមានអាសន:ក្រុមប្រឹក្សា​ខេត្ត​ចំនួន ២៥អសន:​ និងក្រុមប្រឹក្សា ស្រុក ក្រុង មានចំនួន ១៦៩អាសនៈ៕

ដោយ ស៊ុម វណ្ណា