ខេត្តព្រះវិហារ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ

AKP ព្រះវិហារ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ -នៅខេត្តព្រះវិហារ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៣ ឆ្នាំ២០១៩ បាន​ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសល្អប្រសើរ​នៅគ្រប់​ការិយាល័យបោះឆ្នោតទាំង៨​ការិយាល័យនៅទូទាំងខេត្ដ។ នេះបើតាមលោក ជោ ម៉ាប់ ​ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងនារសៀលថ្ងៃអាទិត្យ ៨រោច ខែពិសាខ​ ឆ្នាំកុរ ឯកស័ក ព.ស ​២៥៦៣​ត្រូវនឹង​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៩។

លោក ជោ ម៉ាប់ បានឱ្យដឹងថា ខេត្តព្រះវិហារមានការិយាល័យបោះឆ្នោតចំនួន ៨ការិយាល័យ​នៅតាមបណ្តាក្រុង ស្រុក មានអង្គបោះឆ្នោតចំនួន ៣៣៣នាក់ ដែលអង្គបោះឆ្នោត១រូប មានសិទ្ធិបោះឆ្នោតចំនួន២សន្លឹក គឺ១សន្លឹកសម្រាប់ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ​និង១សន្លឹកទៀតសម្រាប់ជ្រើសរើសក្រុមប្រឹក្សារាជធានី ​ខេត្ត ។ ខេត្តព្រះវិហារ​មានគណបក្សនយោបាយចំនួន ៣បាន​ចូលរួម​បោះឆ្នោត រួមមាន៖ ​គណបក្សប្រជាជន​កម្ពុជា, គណបក្សខ្មែររួបរួម​ជាតិ, និងគណបក្សសញ្ជាតិ​កម្ពុជា ។ នៅគ្រប់ការិយាល័យបោះឆ្នោតបានបើកទ្វារនៅវេលាម៉ោង៧ព្រឹក ដើម្បីដំណើរការបោះឆ្នោត ហើយបញ្ចប់​នៅម៉ោងប្រមាណជាង៩ព្រឹកនឹងបន្តរាប់សន្លឹកឆ្នោតដោយផ្ទៀង​ផ្ទាត់យ៉ាងយកចិត្ត​ទុក​ដាក់​ក្រោមការឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍។

លោកប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានបន្តថា ដំណើរការនៃការបោះឆ្នោតនេះមិនមានបញ្ហាអ្វីគួរឱ្យកត់​សម្គាល់​ទេ គឺរក្សាបានសន្តិសុខ ​សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ហើយអង្គបោះឆ្នោតបានទៅបោះឆ្នោតមានចំនួនតែ៣៣២នាក់​ អវត្តមាន១នាក់ ក្នុងនោះ​គណបក្សប្រជាជន​កម្ពុជា ទទួលបាន៣២៥សំឡេង, គណបក្សខ្មែររួបរួម​ជាតិ ទទួលបាន ៦សំឡេង​ និងគណបក្សសញ្ជាតិ​កម្ពុជាពុំមានសំឡេងទេ ក្នុងនោះដែរសន្លឹកឆ្នោតមិនបានការមាន ០១សន្លឹក៕

ដោយ ទិត ស្រ៊