អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ប្រារព្ធពិធីបុណ្យឡើងរោងលោកឧកញ៉ាឃ្លាំងមឿង និងលោកជំទាវ ខាន់ ខៀវ

AKP ពោធិ៍សាត់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ -ជារៀងរាល់ឆ្នាំ តាំងពីយូរលង់ណាស់មកហើយឱ្យតែចូលដល់ខែពិសាខ មិនថាខ្នើតឬរនោចនោះទេ ប្រជាពលរដ្ឋគ្រប់ទិសទីក្នុងខេត្តពោធិ៍សាត់ក៏ដូចអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តែងតែរៀបចំប្រារព្ធពិធីបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ខៀវ ដើម្បីសុំសេចក្ដីសុខគ្រប់ប្រការ កុំឱ្យមានជំងឺ និង សូមឱ្យមានទឹកភ្លៀងបរិបូរណ៍សម្រាប់ធ្វើស្រែចម្ការទទួលបានភោគផលជាទីគាប់ចិត្ត ។

ឆ្នាំនេះពិធីបុណ្យឡើងរោង លោកឧកញ៉ាឃ្លាំង មឿង និងលោកជំទាវខាន់ ខៀវ ធ្វើឡើងចំនៅថ្ងៃសៅរ៍ -អាទិត្យ ០៧-០៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០១៩ ដោយធ្វើទៅតាមគន្លងព្រះពុទ្ធសាសនាផងនិងព្រហ្មញ្ញសាសនា   ផង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងបានការចូលរួមពីថ្នាក់ដឹកនាំក្នុងខេត្ត មន្ត្រីរាជការ ប្រជាពល រដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ព្រមទាំងមានការនិមន្តព្រះសង្ឃ១០៨អង្គរាប់បាត្រផងដែរ។

លោកសាស្ត្រាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងជាអ្នកគ្រប់គ្រងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ ក្នុង និងក្រៅខេត្ត តែងតែមកកាន់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវខាន់ ខៀវ ដើម្បីមកចូលរួមធ្វើបុណ្យ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងសុំសេចក្តីសុខចម្រើន នាំមកនូវភោគផលស្រូវដំណាំ និងលាភសក្ការ ដល់សង្គមជាតិ និងក្រុមគ្រួសារ។

បើតាមឯកសារប្រវត្តិសាស្រ្តនៅក្នុងសៀវភៅមហាវីរៈបុរសខ្មែគឺថា លោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ ចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែក្នុងការធ្វើសឹកសង្គ្រា មជាមួយទ័ពសៀម ការពារទឹកដីប្រទេសកម្ពុជា។ រូបរាងកាយលោកឧកញ៉ា និងលោកជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងបាននាំគ្នាមការគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះទើបថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានបួងសួងសុំឱ្យឆ្នាំនេះ មានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ការងារដាំដុះ គ្មានគ្រោះមហន្តរាយ។

សូមបញ្ជាក់ថា បូជណីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង មានទីតាំងស្ថិតកក្នុងភូមិកំពែងស្វាយឃុំស្នាមព្រះ ស្រុកបាកាន ដែលនៅភាគខាងលិចទីប្រជុំជនខេត្តពោធិ៍សាត់ចម្ងាយ០៥គីឡូម៉ែត្រ បត់ឆ្វេងជាង០១គីឡូម៉ែត្រទៀត និងបានទៅដល់ហើយ៕

ដោយ ណៅ ធឿន