អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តជំរុញជួសជុលផ្លូវនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ -អាជ្ញាធរខេត្តបន្ទាយមានជ័យរួមនឹងក្រុមការងារបាននិង​កំពុងប្រឹងប្រែងបន្តធ្វើការជួសជុលស្ថាបនាផ្លូវថ្នល់ដែលបានរងការខូចខាតនៅតាមមូលដ្ឋានឱ្យមានភាពល្អប្រសើរឡើងវិញដើម្បីឆ្លើយតបទៅនឹងសំណូមពរសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ទៅមកបានស្រួលនោះឱ្យស្របទៅនឹងភាពរីកចម្រើនរបស់សង្គមជាតិ​។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពការជួសជុលស្ថាបនាឡើងវិញផ្លូវចាក់បេតុងនិងផ្លូវក្រាលថ្មមិចនៅក្នុងសង្កាត់នានាក្នុងក្រុងសិរីសោភ័ណកាលពីរសៀលថ្ងៃអាទិត្យ ៨រោច ខែពិសាខ​ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ដោយបានជំរុញក្រុមការ ងារឱ្យបង្កើនល្បឿនការស្ថាបនាផ្លូវបានលឿននិងធានាគុណភាពប្រើប្រាស់​យូរអង្វែងនោះ។

​ឯកឧត្តម អ៊ុំ រាត្រី ​បានបញ្ជាក់ថា​​​ ជានិច្ច​​កាលរាជ​រដ្ឋាភិបាល​កម្ពុជាយើង ដែល​មាន​សម្ដេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ជា​នាយរដ្ឋមន្ត្រី ​តែង​ផ្ដោត​សំខាន់បន្តការយក ចិត្តទុកដាក់​លើការអភិវឌ្ឍ​វិស័យ​ផ្លូវថ្នល់​ក្នុង​នោះ​មិន​ថា ​ផ្លូវជាតិ ​​ផ្លូវលំ​គ្រប់​ទីកន្លែង​​នោះ​ទេ​ ត្រូវ​បាន​ស្ថាបនា​ពីតំបន់ដែល​គ្មាន​ផ្លូវ​ ទៅជាមាន​ផ្លូវ​ ក្រាល​ក្រួស​ក្រហម​ ​ប្រែក្លាយ​​​ទៅ​ជា​ផ្លូវ​បេតុង ​ឬ​កៅ​ស៊ូ ​ផ្សាភ្ជាប់​ពីទី​ជនបទ​មក​ទី​​​ប្រជុំជនខេត្ត ស្រុក ក្រុងដែល​​ឆ្លើយតបទៅនឹង​​អនុសាសន៍ សម្តេចតេជោ​​មាន​ផ្លូវ​​មាន​ក្តី​សង្ឃឹម​នោះ។​

​នៅក្នុងឱកាសនេះ​អភិបាលខេត្តបន្ទាយមានជ័យក៏​​បានក្រើនរម្លឹក​ប្រជាពលរដ្ឋ​ដែល​មានលទ្ធភាពមានធនធានមេត្តាចូលរួមជាមួយអាជ្ញាធរក្នុងការជួសជុលផ្លូវណាដែលរងការខូចខាតខ្លាំងនៅមូលដ្ឋានឱ្យបានល្អឡើងវិញទោះបីការស្ថាបនានោះជាផ្លូវក្រាលក្រួសក្រហមផ្លូវបេតុង ឬកៅស៊ូ ក្តី។​

សូមបញ្ជាក់ថា ផ្លូវដែលកំពុងជួសជុល ៣ខ្សែ តាមការស្នើសុំរបស់ប្រជាពលរដ្ឋក្នុង មូលដ្ឋាន ​ក្រុងសិរីសោភ័ណ ​នេះមានផ្លូវ១ខ្សែចាក់បេតុង ផ្លូវចូលភូមិចក សង្កាត់ព្រះពន្លា ​ប្រវែង ១.១០០ម៉ែត្រ បានចាក់បេតុងរួច៥០០ម៉ែត្រ និងកំពុងចាក់បន្ថែមប្រវែង៦០០ម៉ែត្រ ទៀត។ ផ្លូវចូលក្នុងភូមិតាម៉ា សង្កាត់ម្កាក់ ភ្ជាប់ពីផ្លូវជាតិលេខ៥៦ ប្រវែង២.០០០ម៉ែត្រ ត្រូវធ្វើ ការក្រាលថ្មមិច។ ផ្លូវក្នុងភូមិឈូក សង្កាត់ម្កាក់ ត្រូវធ្វើការពង្រីកបន្ថែម ពីទទឹង ៣ម៉ែត្រ ទៅ៥ ម៉ែត្រ និងក្រាលថ្មមិច ប្រវែង ៤០០ម៉ែត្រពីលើទៀត។ ផ្លូវ​​ទាំងអស់នេះជាអំណោយ​របស់ ឯកឧត្តម​​​​​​​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា​​​ប្រធានក្រុមការងារ​ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ​ ​៕

ដោយ ឈុន សារ៉ាត