បទវិចារណកថា៖ អ្នកថាបានតែថា តែកម្ពុជានៅតែស្ថិតនៅលើគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស

AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ — ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមបឹ្រក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ បានដំណើរការតាមការគ្រោងទុកនៅកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលអ្នកដែលថា ចេះតែបន្តថា និងរិះគន់ ប៉ុន្តែអ្វីៗបានដំណើរការទៅតាមច្បាប់ និង ដោយរលូនទៅតាមលំអាននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

នៅព្រឹកនេះ ការិយាល័យបោះឆ្នោតចំនួន ២០៣ នៅទូទាំងប្រទេសបានបើកទ្វារ ទទួលអង្គបោះឆ្នោតតាំងតែពីម៉ោង ៧ព្រឹក ដោយការបោះឆ្នោតនេះ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន៧ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទះខ្មែរ និង គណបក្សសញ្ជាតិកម្ពុជា។

ការបោះឆ្នោតថ្ងៃនេះ គឺជាការបោះឆ្នោតអសកល​ដោយអង្គបោះឆ្នោត សុទ្ធសឹងជាសមាជិកនៃក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ១.៦៤៦ ឃុំ/សង្កាត់ ដែលមានសមាជិកសរុប ១១.៥៧២រូបប៉ុណ្ណោះ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង សុ្រក ខណ្ឌ ដែលមានចំនួនសរុប ៤.១១៤ អាសនៈ ដោយនៅក្នុងនោះ គឺអាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត មានចំនួន ៥៥៩ និងក្រុមប្រឹក្សាក្រុង សុ្រក ខណ្ឌ មានចំនួន ៣.៥៥៥ អាសនៈ។

ការបោះឆ្នោតនេះមានការចូលរួមប្រកួតប្រជែងពីបេក្ខជន ដែលមកពីគណបក្សនយោបាយទាំង៧ មានចំនួនសរុបរហូតដល់ទៅ ២១.៦៩២ នាក់ ក្នុងនោះបេក្ខជនពេញសិទ្ធិមានចំនួន ១០.៦៩៨ នាក់ និងបម្រុងមានចំនួន ១០.៩៩៤ នាក់។

ខណៈដែលការបោះឆ្នោតកំពុងតែដំណើរការនោះ មជ្ឈដ្ឋាននយោបាយមួយចំនួន ជាពិសេស គឺក្រុមអ្នកនយោបាយដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេស គេចពីច្បាប់ គេចពីសាលក្រម  តុលាការ បានចេញមុខរិៈគន់ និងបានហៅការបោះឆ្នោតនេះថា គឺជាការបោះឆ្នោតក្លែងក្លាយ ដែលនាំមកនៅប្រព័ន្ធឯកបក្សនៅកម្ពុជា។

ការនិយាយរិះគន់ទាំងនេះគឺជារឿងមួយ ហើយក៏គ្មានអ្នកណាអាចទៅបិទមាត់ពួកគេមិនឲ្យនិយាយបានដែរ ។ ពួកគេមានមាត់ ពួកគេមានដៃសរសេរ ហើយពួកគេក៏អាចមានបក្សពួកបន្តបំពងសម្លេង បំផុសគោលគំនិតនេះ ប៉ុន្តែសូមក្រឡេកមើល តថភាពពិត និងជាក់ស្តែងមួយចំនួន ទាក់ទិននឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងទិដ្ឋភាពច្បាប់នៅកម្ពុជា។

តាំងពីគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងមួយបានត្រូវរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មក អ្នកនយោបាយសំខាន់ៗចំនួន១១៨ នាក់ បានបាត់បង់សិទ្ធិនយោបាយ ខណៈ ដែលសមាជិកនៃអតីតគណបក្សនេះទាំងអស់ ដោយរួមទាំងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ដែល ជាប់ឆ្នោត ក៏ត្រូវរំសាយ ប៉ុន្តែសិទ្ធិនយោបាយរបស់ពួកគេនៅតែត្រូវបានគោរព ដោយគ្មាននរណា រំលោភឡើយ លើកលែងតែពួកគេធ្វើនៅក្រោមរូបភាពគណបក្សដែលខុសច្បាប់នេះ។ ហើយក៏មានមេដឹកនាំដែលជាប់នៅក្នុងបម្រាមមួយចំនួន បានទទួលសិទ្ធិធ្វើនយោបាយរបស់ពូកគេ វិញដែរ នៅពេលដែលពួកគេគោរពគោលការណ៍ច្បាប់។

នេះគឺជាទិដ្ឋភាពច្បាប់ ហើយបើឈរនៅលើប្រត្យក្សភាពនៃការប្តេជ្ញាចិត្តជារួមរបស់កម្ពុជាវិញ គឺថា  ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មក ការបោះឆ្នោតដែលជាមូលដ្ឋានគ្រឹះដ៏ចំបងបំផុតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គឺ កម្ពុជាមិនដែលបានបំពារបំពាន ឫ ពន្យាពេលម្តងណាឡើយ។ ដំណើរការរៀបចំការបោះឆ្នោត គឺមានទាំងសកល និងអសកល ហើយប្រព្រឹត្តទៅដោយរលូនជានិច្ចតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។

រហូតមកដល់ពេលនេះ កម្ពុជាមានការបោះឆ្នោត៤ សំខាន់ គឺមានការបោះឆ្នោតពីរដែលប្រជាពលរដ្ឋ ចូលរួមដោយផ្ទាល់ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់។ ដោយឡែកការបោះឆ្នោតអសកល ក៏មានពីរដែរ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមបឹ្រក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។

តាំងពីការបោះឆ្នោតនេះបានលេចចេញជារូបរាងមកតាមច្បាប់នានា កម្ពុជាមិនដែលខកខាន នូវការរៀបចំការបោះឆ្នោតណាម្តងឡើយ  គឺគ្រប់ការបោះឆ្នោតទាំងអស់ដំណើរការទៅតាមអណត្តិ និងកាលកំណត់ច្បាស់លាស់ត្រឹមត្រូវ ដូច្នេះនេះគឺជាទិដ្ឋភាពដ៏ប្រត្យក្សមិនអាចប្រកែកបានមួយដែលថា កម្ពុជានៅតែស្ថិតនៅលើគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ដោយ ហេង បញ្ញា