កាកបាទក្រហមខេត្តសៀមរាបផ្តល់អំណោយជូនគ្រួសាររងគ្រោះដោយខ្យល់​កន្ទ្រាក់ចំនួន១២គ្រួសារ ក្នុងសង្កាត់ទឹកវិល

AKP សៀមរាប ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ — កាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចែកអំណោយជា ជាគ្រឿងឧបភោគ បរិភោគ​មួយចំនួន ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន១២គ្រួសារ នៅក្នុងសង្កាត់​ទឹកវិល ក្រុងសៀមរាប ដែលបានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២២ ខែ​ឧសភា​ឆ្នាំ២០១៩កន្លងមកថ្មីៗនេះ។ ពិធីចែកអំណោយនេះ បានប្រព្រឹត្ដទៅ​នៅទីស្នាក់ការ​សាខា​កាកបាទក្រហមខេត្តសៀមរាប នៅថ្ងៃ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ក្រោមការដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុ​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

លោកជំទាវ ទាង អេង តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ដ និងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសម្ដែងនូវ​ការ​សោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះ ដោយខ្យល់កន្ទ្រាក់ ដែល​បណ្ដាល​ឱ្យរលំផ្ទះ និងរបើកដំបូលធ្ងន់ធ្ងរ។ លោកជំទាវបានបន្ដថា ទោះបីជាអំណោយ​ទាំងនេះវាមានលក្ខណៈតិចតួចក្ដី វាមិនស្មើទៅនឹងការខូចខាត ការខ្វះខាតរបស់បងប្អូនដែល​រងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដើម្បីជួយសម្រួលនិងសម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈដែរ។

លោកជំទាវក៏បានលើកឡើងផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មិនបានទុកឱ្យបងប្អូនប្រជាពលរដ្ឋរងការលំបាកក្នុង​គ្រោះ​មហន្ត​រាយណាមួយដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ សមដូចពាក្យ​ស្លោក​កាកបាទក្រហមកម្ពុជាបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ។

ក្នុងឱកាសនោះដែរលោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ធ្វើយ៉ាងណាត្រូវ​ប្រុង​ប្រយ័ត្ននៅពេលដែលមានភ្លៀងផ្គររន្ទះខ្យល់កន្ទ្រាក់កើតឡើង សូមឱ្យបងប្អូនរត់រកទីកន្លែង​មានសុវត្ថិភាព និងសូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិក ដែលងាយបង្កភាពគ្រោះថ្នាក់​ដល់​ខ្លួន។

ជាមួយគ្នានេះដែរ អំណោយដែលបានចែកជូននាពេលនេះ រួមមាន ចំពោះ​គ្រួសាររលំផ្ទះមួយគ្រួសារទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១​៥ម៉ឺនរៀល។ ចំពោះគ្រួសារប៉ះពាល់​ធ្ងន់​មួយគ្រួសារ ទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី១០សន្លឹក  មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។ ស្ត្រីមានផ្ទៃពោះរងរបួស ទទួលបានឃីត១កញ្ចប់ ថវិកា២សែនរៀល។ ទន្ទឹមនេះ លោក ហឿក ហើត និងលោកស្រី ចៀន យ៉ុន ម្ចាស់ភោជនីយ​ដ្ឋានគុម្ពឬសី្ស បានឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួនបន្ថែមដល់ស្ត្រីមានផ្ទៃពោះរងរបួស នូវថវិកា២លាន​រៀល និងមណ្ឌលសុខភាពចំនួន៥សែនរៀលបន្ថែមទៀត។

សូមរម្លឹកថា កាលពីវេលាម៉ោង១៦រសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩ មានខ្យល់​កន្រ្ទាក់បានបក់បោកយ៉ាងខ្លាំងទៅលើភូមិសាស្ត្រសង្កាត់ទឹកវិល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង​ភូមិចំនួន៣ពោលគឺភូមិប្រីយ៍ថ្មី ភូមិជ្រៃនិងភូមិបន្ទាយឈើ ដែលជារួមបានទទួលរងគ្រោះ​ដោយរំលំផ្ទះចំនួន៦ខ្នង និងបើងដំបូលធ្ងន់ធ្ងរចំនួន៦ខ្នង និងធ្វើឱ្យស្ត្រីមានផ្ទៃពោះ៦ខែម្នាក់ បានរងរបួស៕

ដោយ ហង្ស សៀក