សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ទទួលថវិកាពីសប្បុរសជននានាបានចំនួន ២២៩ ៣៣៨ដុល្លារអាម៉េរិក

AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោម ប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម  ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌកកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ  អាជីវករ និងសប្បុរសជនយ៉ាងច្រើនកុះករផងដែរ។

នៅក្នុងពិធីនោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ  បានទទួលថវិកា ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនសប្បុរសជនជាតិ អន្តរជាតិចំនួន២២៩ ៣៣៨ដុល្លារ និង៩៦៦.៩២៦.៩០០រៀលបន្ថែមទៀត។

ឯកឧត្តម វ៉ី សំណាង  អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត  បានចាត់ទុកការចូលរួម ពីសំណាក់ សមាជិក សមាជិកា និងសប្បុរសជន នាពេលនេះ គឺជាសក្ខីភាពបង្ហាញ អំពីការគាំទ្រយ៉ាងពេញ ទំហឹងដល់កាក បាទក្រហមកម្ពុជាក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានតួនាទី ជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌នាំមុខ នៅប្រទេសកម្ពុជា ក្នុងបេសកកម្មកសាង ពង្រឹងប្រមូលផ្តុំកម្លាំងមនុស្សធម៌ ទាំងធនធានមនុស្ស បច្ចេកទេស  ថវិកាដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះ មហន្តរាយ សុខភាព និងការថែទាំសុខភាពតាមសហគមន៍លើកកម្ពស់គោលការណ៍ គ្រឹះតម្លៃមនុស្សធម៌របស់ចលនានិងការអភិវឌ្ឍសហគមន៍។

ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរចំពោះសប្បុរសជនដែលតែងតែបាន ចូលរួមផ្តល់ការគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាដល់សាខាកាកបាទក្រហម ខេត្តនិងបានអំពាវនាវឱ្យបន្តការគាំទ្របន្ថែមទៀត ដេម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ ផ្នែកធនធានហិរញ្ញវត្ថុ ដែលជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ប្រតិបត្តិការមនុស្សធម៌ ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់អ្នករងគ្រោះ និងងាយរងគ្រោះបំផុត ដែលត្រូវការជំនួយជាចាំបាច់៕

ដោយ លឹម សាន្ត