អ្នកតំណាងរាស្ដ្រខេត្ដត្បូងឃ្មុំ ផ្តល់អំណោយសប្បុរសធម៌ ដល់កុមារកំព្រាឥស្លាមចំនួន២៥៧នាក់

AKP ត្បូងឃ្មុំ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — អ្នកតំណាងរាស្ដ្រខេត្ដត្បូងឃ្មុំ ឯកឧត្ដម ម៉ូត យូសុះ និងឯកឧត្ដម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងតំណាងម្ចាស់ជំនួយមកពីប្រទេសសិង្ហបុរី កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បាននាំយកអំណោយសប្បុរសធម៌ជាកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន និងថវិកា ផ្ដល់ជូនកុមារកំព្រាឥស្លាមចំនួន២៥៧នាក់ ដែលមកពីស្រុកចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ រួមមាន៖ ស្រុកពញាក្រែក  ស្រុកត្បូងឃ្មុំ និងស្រុកមេមត់។ ក្នុងពិធីនោះដែរ ក៏មានការរៀបចំ ទទួលអាហារស្រាយ បួសរ៉ាម៉ាឌន ជូនម្តាយ និងជីដូន ជីតា របស់កុមារកំព្រា និងប្រជាពលរដ្ឋសរុបជាង៦០០នាក់ផងដែរ។

ឯកឧត្ដម កៅ អ៊ីមរ៉ន បានរម្លឹកដល់កុមារកំព្រាឥស្លាមទាំងអស់ ត្រូវតែខិតខំរៀនសូត្រ ដើម្បីអនាគតវែងឆ្ងាយ ត្បិតតែប្អូនៗកំព្រាឪពុក ឬម្តាយ មិនមែនជាឧបសគ្គដាច់ខាត ដែលតម្រូវឱ្យប្អូនៗ កុមារកំព្រាបោះបង់ការសិក្សា រៀនសូត្រនោះទេ ព្រោះជាក់ស្តែង សព្វថ្ងៃយើងឃើញថា ក្រោមការយក ចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានកុមារកំព្រា និងពិការ មិនតិចទេ ដែលបានពុះពារខំប្រឹងសិក្សានិងទទួលបានចំណេះដឹង ជំនាញ ដ៏ជោគជ័យ ហើយក៏បាន និងកំពុងទទួលបានការងារ ល្អប្រសើរ។

ឯកឧត្ដម ម៉ូត យូសុះ អ្នកតំណាងរាស្ដ្រមណ្ឌលត្បូងឃ្មុំ បានបញ្ជាក់ថា សកម្មភាពមនុស្សធម៌ របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ដែលតែងតែពាំនាំអំណោយមនុស្សធម៌គ្រប់ផ្នែក ដែលចាំបាច់ដើម្បីដោះស្រាយតម្រូវការ និងកង្វះខាតនៅសហគមន៍ ជាក់ស្តែង ពេលនេះ ក្រោមជំនួយពីសប្បុរសជនសិង្ហបុរីបានដោះស្រាយ  ជាថវិកា ជូនកុមារកំព្រាចំនួន២៥៧នាក់ ក្នុងម្នាក់ទទួលបានចំនួន៩ ម៉ឺនរៀល និងសម្ភារសិក្សាជាមួយការរៀបចំអាហារសាមគ្គី គឺជាកាយវិការមនុស្សធម៌ដ៏ប្រពៃ ហើយលោកជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអង្គការសមាគម បង្កើនការយកចិត្តទុកដាក់លើកុមារកំព្រា ព្រោះគាត់ ពិតជាត្រូវការ ភាពកក់ក្តៅ ហើយគាត់ក៏ជាអនាគតយុវជនដ៏មានតម្លៃដែលសង្គមមិនអាចមើល រំលងផងដែរ៕

ដោយ សួស សំរិត