គណៈប្រតិភូធុរជនចិន ​បង្ហាញចេតនាវិនិយោគលើការសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩​ — ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​អនុញ្ញាតឱ្យ​​លោក​ ប៊ី គង់មីន (BI Guangmin) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ចូលជួបសម្តែង​ការគួរសម​ និង​ពិភាក្សាការងារ កាលពីថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ​២០១៩។​ ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ ឯកឧត្តម​រដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ជម្រាបជូនភាគីចិន អំពីគោលនយោបាយស្រូវអង្ករជាតិ យុទ្ធសាស្ត្រសមាហរណ កម្មពាណិជ្ជកម្មកម្ពុជា (CTIS) និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ ផលិតកម្មស្រូវ-អង្ករ ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានអតិបរមា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យ​លោក​ប្រធានក្រុមប្រឹក្សា​សហការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ដើម្បីរៀបចំកិច្ចសន្យាស្តីពីវិស្វកម្ម និងសាងសង់ កិច្ចព្រមព្រៀង​ស្តីពីការបង្កើតក្រុមហ៊ុនចម្រុះកម្ពុជា-ចិន ព្រមទាំងកិច្ចព្រមព្រៀងស្តីពីកិច្ច សហប្រតិបត្តិការ និងការគ្រប់គ្រង រវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគជាដៃគូ សម្រាប់ធ្វើប្រតិបត្តិការ និងថែទាំគម្រោង ដើម្បីជំរុញកិច្ចការទៅមុខដោយរលូន និងទទួលបានជោគជ័យ។​

ដោយ​ឡែក​លោក ប៊ី​ គង់មីន បាន​បង្ហាញចេតនាវិនិយោគលើការសាង សង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅក្នុងប្រទសកម្ពុជា ដើម្បីចូលរួមពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវអង្ករជាតិ ជាពិសេសថែរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងបង្កើនប្រាក់ ចំណូលជូនប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ​លោកប្រធាន​បាន​ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតា និងគម្រោង សាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត ដែលមានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ ១៣ពាន់តោន ក្នុងមួយថ្ងៃ ហើយអាចស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន និង​បាន​មាន​ប្រសាសន៍ថា​ ក្រុមហ៊ុនរបស់​លោកចង់សាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួត នៅក្នុងខេត្តដែលមានសក្តានុពលផលិតស្រូវ-អង្ករ ហើយនៅពេលការសាងសង់បញ្ចប់ នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជា ទៅក្នុងទីផ្សារអន្តរជាតិក្នុងមួយឆ្នាំ ៥០ម៉ឺនតោន។
ជាពិសេស​លោកបានស្នើសុំគាំទ្រ និងអនុសាសន៍បន្ថែម ពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជំរុញគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ អាចអនុវត្តន៍បានក្នុង ពេលឆាប់ៗនេះ៕

ដោយ​ ទេស ច័ន្ទសុធារី​ (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម​)