អាជ្ញាធរជាតិអប្សរាសម្អាតស្មៅ និងរុក្ខជាតិតូចៗដុះនៅតាមប្រាសាទក្នុងតំបន់អង្គរ

AKP សៀមរាប ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — អាជ្ញាធរជាតិអប្សរាបាន និងកំពុងសម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើតួ ឬកំពូលប្រាសាទនានានៅក្នុងតំបន់អង្គរ ដែលស្មៅ និងរុក្ខជាតិទាំងនោះអាចនឹងធ្វើឱ្យឆាប់ពុក ផុយនិងបែកបាក់នៃប្រាសាទ និងបំផ្លាញភាពស្រស់ស្អាតនិងរចនាសម្ពន្ធនៃប្រាសាទផងដែរ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះថា ការសម្អាតនេះ ធ្វើឡើងជាញឹកញាប់ជាងគេគឺនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ ងាយធ្វើឱ្យរុក្ខជាតិតូចៗនិងស្មៅដុះលឿន។ បច្ចេកទេសក្នុងការសម្អាតតាមប្រា សាទទាំងអស់ គឺធ្វើឡើងដោយកម្លាំងមនុស្សសុទ្ធសាធ ដោយមានរន្ទា ខ្សែពួរ មួកសុវត្ថិភាព និងខ្សែក្រវាត់ ក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទ ឬផ្នែកផ្សេងៗដើម្បីដកស្មៅ និងកូនរុក្ខជាតិតូចៗទាំងនោះចេញ។លោក ឡុង កុសល បានបញ្ជាក់ថា ការកម្ចាត់ស្មៅ និងរុក្ខជាតិចេញពីបា្រសាទនេះ គឺជាសកម្មភាពថែទាំប្រាសាទ ដែលក្រុមការងារយើងធ្វើឡើងជាប្រចាំ ឱ្យតែប្រាសាទណា មួយមានស្មៅ និងកូនរុក្ខជាតិដុះពីលើ៕

ដោយ ហង្ស សៀក