ឯកឧត្តម វង សូត ចូលរួមក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នៅត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ រយៈពេល៨ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះនៅទូទាំងប្រទេស ត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អ ប្រសើរ គ្មានអំពើហិង្សា។

ក្នុងពិធីបិទយុទ្ធនាការនេះ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែឧសភានេះ ឯកឧត្តម វង សូត មានប្រសាសន៍ថា យុទ្ធនាការពិត ជាបានប្រព្រឹត្តិទៅដោយរលូន និងអាចទទួលយកបានទាំងអស់គ្នា ដោយយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ ត្រូវបិទបញ្ចប់ទៅតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤នេះ ហើយថ្ងៃទី២៥ ខែឧសភា ជាថ្ងៃស្ងប់ស្ងាត់ និងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ គឺជាថ្ងៃបោះឆ្នោត។ ដូច្នេះ ចំពោះអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សូមត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដូចជា ការរក្សាសុខភាពឱ្យបានល្អ ដើម្បី ធានាថាអាចទៅបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត ហើយជាពិសេសសូមកុំភ្លេចយកទៅជាមួយ នូវឯកសារនានាដែលជាតម្រូវការសម្រាប់ការបោះឆ្នោតនេះ។សូមជម្រាបជូនថា សម្រាប់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានអ្នកបោះឆ្នោតដែលជា សមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន ៨០នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន ៧៨ នាក់ មកពីគណបក្សហ៊្វុនស៊ីនប៉ិចចំនួន១នាក់ និងមកពីគណបក្សខ្មែររួបរួមជាតិចំនួន១នាក់ និងមានគណបក្សនយោបាយចំនួន៤ចូលរួម នៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសក្រុម ប្រឹក្សាស្រុកពញាក្រែកចំនួន២១រូប រួមនិងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ត្បូងឃ្មុំផងដែរ ដោយអ្នកបោះឆ្នោតម្នាក់ត្រូវបោះឆ្នោតចំនួន២សន្លឹក គឺ១សន្លឹកសម្រាប់ការ ជ្រើសរើសសមាជិកក្រុមប្រឹក្សា ក្រុង ឬ ស្រុក ឬ ខណ្ឌ និង១សន្លឹកទៀតសម្រាប់ការជ្រើស រើសក្រុមប្រឹក្សារាជធានី ឬក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីបិទយុទ្ធនាការនេះដែរ ឯកឧត្តម វង សូត បានស្នើសុំឱ្យអ្នកបោះឆ្នោត ទាំងអស់របស់គណបក្សប្រជាជនកម្ពុជាបោះឆ្នោតដោយត្រឹមត្រូវ មានន័យថា បានបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយពិតប្រាកដ គឺមិនគូស ច្រឡំឡើយ៕

ដោយ ប៉ាល់ សុង