ខេត្តបន្ទាយមានជ័យ ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​អាណត្តិទី៣ គណបក្សប្រជាជនកម្ពុជាបានរៀបចំ​ជាទ្រង់ទ្រាយធំ

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ។

នៅខេត្តបន្ទាយមានជ័យព្រឹកមិញនេះ គណបក្សប្រជាជនកម្ពុជាបានរៀបចំជាទ្រង់ ទ្រាយធំដែលមានសមាជិកសមាជិកាចូលរួមជិតជិត១ម៉ឺននាក់ ដោយមានការដង្ហែជាក្បួនពី ស្រុក ក្រុងទាំង៩របស់ខេត្ត មកជួបជុំគ្នានៅសួនមានជ័យក្នុងក្រុងសិរីសោភ័ណ ក្រោមវត្ត មានឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្ដៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីនេះឯកឧត្តម កែ គឹមយ៉ាន បានកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីគ.ជ.បដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោតនិងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ប្រព្រឹត្តបានយ៉ាងរលូន។

ជាមួយគ្នានេះ ជាថ្មីម្តងទៀត ​ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្តដែលជាអង្គបោះឆ្នោតសូមមេត្តាគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩  ​ ​ ដើម្បីបន្តថែរក្សាសន្តិភាព និងអភិវឌ្ឍន៍។

លោក ហី គឹមសេង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមាន ជ័យបាន​ប្រាប់ឱ្យដឹងថា ក្នុងរយៈពេល៨ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី​ខេត្តក្រុងខណ្ឌស្រុកនៅទូទាំងខេត្តបាន ដំណើរការទៅរលូនមានរបៀបរៀបរយល្អនៅគ្រប់ទី​កន្លែងដោយគ្មានអំពើហិង្សានោះទេ។ គ្រប់គណបក្សនយោបាយដែលបានចូលរួមសុទ្ធតែបាន​បង្ហាញពីភាពចាស់ទុំខាងផ្នែក នយោបាយគោរពតាមនីតិវិធីបោះឆ្នោតមានក្រមសីលធម៌ក្នុងពេលឃោសនាបោះឆ្នោតនេះ។

លោក ហី គឹមសេង បានប្រាប់ឱ្យដឹងទៀតថា ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៣ ដែលនឹងធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅខេត្តបន្ទាយមានជ័យមានគណបក្ស​នយោបាយចំនួន៥បានចូលរួមប្រកួត ប្រជែងនោះមាន​គណបក្សប្រជាជនកម្ពុជា, ហ៊្វុនស៊ិនប៉ិច, ខ្មែររួមរួបជាតិ, ឆន្ទៈខ្មែរ និង​គណបក្សសញ្ជាតិកម្ពុជា មានការិយាល័យបោះឆ្នោតចំនួន៩កន្លែង និង​​អង្គបោះឆ្នោតចំនួន៥១៥នាក់៕

ដោយ ឈុន សារ៉ាត