ចិន នឹងបន្តជំរុញការវិនិយោគ និងបើកទីផ្សារដល់កសិផល និងផលិតផល របស់កម្ពុជាបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្ដម Wang Yajun អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិម​ប​ក្ស​​កុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ដោយជំរុញ​ការ​វិ​និយោគ និង​ការ​បើកទីផ្សារដល់កសិផល និងផលិតផលរបស់កម្ពុជាបន្ថែមទៀត។ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកសារ​ព័ត៌មា​ន​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រ   ​ក​ម្ពុ​ជា បានអនុញ្ញាតឱ្យឯកឧត្ដម Wang Yajun អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរ​ជាតិគណ​បក្ស​កុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ នៅវិ​មា​ន​ស​ន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯក​ឧ​ត្ដម Wang Yajun បានមានប្រសាសន៍ ពាំនាំនូវពាក្យផ្ដាំផ្ញើសាកសួរសុខ​ទុក្ខអំពី​សំណាក់ថ្នា​ក​ដឹក​នាំចិនជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយបានជម្រាបជូនសម្ដេច​តេជោថា ដំ​ណើរ​ទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺ​ដើម្បីជំរុញ និង​ធ្វើ​រាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូល ជាពិសេសសម្ដេចតេជោ និង ឯកឧត្ដមប្រធា​នា​​ធិបតី ស៊ី ជិនពីង បានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងមក។ ឯកឧត្ដម បានបន្ដថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ដោយទំនាក់ទំនងរវាងកម្ពុជា និងចិន នា​ពេ​ល នេះ គឺស្ថិតនៅលំដាប់ល្អជាទីបំផុត ហើយអ្វីដែលបានចុះហត្ថលេខារួមគ្នានៅវេទិកា BRI ក្នុង ប្រទេសចិននាពេលកន្លមកនេះ​ គឺជំរុញទំនាក់ទំនងរវាប្រទេសទាំង​ពីរកាន់តែរឹងមាំថែម​ទៀ​ត ព្រមទាំងនាំមកជាមួយផងដែរនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និង​ការអភិវឌ្ឍ ហើយពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯក​ឧត្ដ​ម ក៏បានរាយ ការណ៍ ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដែរថា ក្នុងពេលដែលឯកឧត្ដមបាន​ចុះ​ចតយន្តហោះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយធ្វើដំណើរក្នុងទីក្រុងភ្នំពេញ ឯក​ឧត្ដមបាន សង្កេតឃើញថា ទីក្រុងភ្នំពេញ គឺជាទីក្រុងមួយមានភាពរស់រវើក ស្អាត ប្រិមប្រិយ៍​ និងមាន​សក្ដានុពលយ៉ាងច្រើនផងដែរ។ ឯកឧត្ដម នឹងបន្តធ្វើទស្សនកិច្ច​ទៅកាន់​ខេត្ត​ព្រះ​សីហនុ ដើម្បីសិក្សាលើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការវិនិយោគ និងឧស្សាហកម្ម ដោយ​ពិ​ចារ​ណា​ធ្វើយ៉ាងណា ដើម្បីឱ្យការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម នៅទីក្រុងព្រះ​សី​ហនុ​មានការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្ដម Wang Yajun បានគូសបញ្ជាក់ទៀតថា ចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ដោយជំរុញការវិនិយោគ និងការបើកទីផ្សារ​មកកាន់​កម្ពុជា​ ប​ន្ថែ​មទៀត​។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ការ​ផ្ដាំផ្ញើ​សាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំចិន និងបានយល់ស្របទាំងស្រុង ជាមួយនឹង​ការ​លើក​ឡើងរបស់ឯកឧត្ដម Wang Yajun ពាក់ព័ន្ធនឹងទំនាក់ទំនង ព្រមទាំងសក្ដានុពល ក្នុងការ​ពង្រី​កកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសឈរលើឯកសារដែលបានចុះហត្ថ​លេ​ខា ដែលជាឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅ នឹងសហគមន៍មួយ ជោគវាសនាមួយ ដែល​បា​​នចុះហត្ថលេខាកន្លងមក។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការជំរុញកា​រវិនិ​យោ​​​គ​ចិនមកកាន់កម្ពុជា និងការបើកចំហទីផ្សារដល់កសិផល និង​ផលិតផលរបស់កម្ពុជា ​បន្ថែ​ម​ទៀត៕

ដោយ ជឹម ណារី