ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាន ជំរុញឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បង្កើនពង្រឹង សន្តិសុខ ​សណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ -ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្ត បន្ទាយមានជ័យ បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ឱ្យបន្តការយកចិត្តទុក​ដាក់ បង្កើន​ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងពេលបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុកអាណត្តិទី៣ ឆ្នាំ២០១៩នេះឱ្យកាន់តែបានល្អ​ប្រសើរថែមទៀត ដើម្បីធានាបាន​នូវភាពសេរីយុត្តិធម៌និងគ្មានអំពើហិង្សានោះ។

ការថ្លែងរម្លឹកបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ច​ប្រជុំ​បូកសរុបលទ្ធផលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ (សម្រាប់ខេត្តបន្ទាយមានជ័យ) កាលពី​រសៀល ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ដែលមានសមាជិក-សមាជិកាចូលរួមជាង១.០០០នាក់។​

​ក្នុងឱកាសនោះដែរ ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ដែលបាន​រួមចំណែកអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្ដីធ្វើ​ឱ្យបរិស្ថាននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នេះប្រព្រឹត្តទៅដោយរលូន​មានភាពសេរី និងមានសុវត្ថិភាពគ្រប់គណបក្សនយោបាយដែល​បានចូលរួមប្រកួត​ប្រជែង​នោះ។

គួររម្លឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិ ទី៣ ដែលនឹងធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅខេត្តបន្ទាយមានជ័យ មាន គណបក្ស​នយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង ក្នុងនោះមាន​គណបក្សប្រជាជន​កម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច​, គណបក្សខ្មែររួបរួមជាតិ, គណបក្សឆន្ទៈខ្មែរ និងគណបក្ស​សញ្ជាតិកម្ពុជា។ ចំណែកការិយាល័យបោះឆ្នោត មានចំនួន៩កន្លែង និង​​អង្គបោះឆ្នោតចំនួន ៥១៥នាក់៕

ដោយ ឈុន សារ៉ាត