អភិបាលខេត្តក្រចេះ ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនផ្គត់ផ្គង់និងថែទាំប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ

AKP ក្រចេះ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជួបពិភាក្សាការ ងារជាមួយតំណាងក្រុមហ៊ុនផ្គត់ផ្គង់ និងថែទាំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ អំពូលLED (ក្រុមហ៊ុន RS Invest Natural Co,LTD) ដើម្បីត្រៀមរៀបចំដំឡើង និងបំពាក់ប្រព័ន្ធនៅ តាមទីតាំងសាធារណៈក្នុងខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

ក្នុងកិច្ចជួបពិភាក្សាការងារជាមួយអភិបាលខេត្តក្រចេះនាពេលនោះ លោក Liu Ping sheng តំណាងក្រុមហ៊ុន RS Invest Natural Co,LTD បានបញ្ជាក់ឱ្យដឹងពីគម្រោងផលិតផល និងសេវាកម្មរបស់ខ្លួន ដែលជាប្រភេទអំពូលភ្លើង LED គឺប្រើប្រាស់ថាមពលតិច នាំឱ្យ ចំណាយថវិកាតិចជាងប្រមាណ៥០ភាគរយ បើប្រៀបធៀបនឹងអំពូលភ្លើងធម្មតា ហើយអំពូលប្រភេទនេះមានពន្លឺខ្លាំង និងពុំងាយខូច ព្រមទាំងមានសោភណភាពនៅតាមដង ផ្លូវក្នុងពេលយប់ និងមានការបិទបើកភ្លើងទៀងទាត់ដោយការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ការជួសជុលឬការដំឡើងអំពូលត្រូវការពេលវេលាតិច និងងាយស្រួលទៀតផង។នៅក្នុងកិច្ចពិភាក្សានោះ ភាគីក្រុមហ៊ុនបានកំណត់ឱ្យរដ្ឋបាលខេត្តជាអ្នកបង្ហាញ ប្រាប់ពីទីតាំងដែលត្រូវផ្លាស់ប្ដូរអំពូលពីប្រភេទ HPS មកជាប្រភេទ LED ហើយរដ្ឋបាលខេត្ត ក៏ជាអ្នកផ្ដល់សិទ្ធិ និងជួយសម្រួលខាងផ្នែករដ្ឋបាល និងផ្លូវច្បាប់ដើម្បីអនុញ្ញាត ឱ្យក្រុមហ៊ុន ដំឡើង ថែទាំ គ្រប់គ្រង និងធ្វើការសម្របសម្រួលផ្ដល់កិច្ចសហការ ក្នុងការសិក្សាធ្វើស្ថិតិ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ក្នុងនោះក្រុមហ៊ុនធានាលើការជួសជុល និងថែទាំ អំពូលដែលបានផ្លាស់ប្ដូរ ក្នុងករណីខូច ឬមិនភ្លឺ ក្រុមហ៊ុនធានាធ្វើឱ្យភ្លឺឡើង វិញយ៉ាងយូរ៤៨ ម៉ោង ហើយការកំណត់បរិមាណប្រើប្រាស់ថាមពល និងតម្លៃឯកតាថ្លៃ ថាមពលអគ្គិសនី ចេញដោយក្រុមហ៊ុនអគ្គិសនីកម្ពុជា។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះបានទទួលយកកិច្ចសហការ របស់ក្រុមហ៊ុន ហើយបានជំរុញឱ្យក្រុមហ៊ុនរួមសហការនិងមន្រ្តីជំនាញពាក់ព័ន្ធចុះសិក្សា ពិនិត្យទៅតាមតំបន់ទីតាំងផ្លូវដែលត្រូវធ្វើការដំឡើងបង្គោលភ្លើង និងអំពូលភ្លើង ហើយក្រុម ហ៊ុនត្រូវទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពលអំពីឯក សារប្រកាសអនុញ្ញាតប្រើប្រាស់ស្របច្បាប់ របស់ក្រសួងទាំងពីរ និងបានស្នើសុំឱ្យ សាធារណជន ត្រូវជួយថែរក្សាការពារនូវសមិទ្ធផលទាំងអស់នោះ ដើម្បីឱ្យមានសោភណ ភាពទាក់ទាញភ្ញៀវទេសចរ និងការអភិវឌ្ឍរបស់ខេត្តក្រចេះផងដែរ៕

ដោយ ជួន សុជាតិ