អាជ្ញាធររាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអង្គការ JICA លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត អ៊ីតូ មិមប៉េអ៊ិ​ (Dr.lto Mimpei) ប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវ នៃទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនJICA របស់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានចុះហត្ថលេខា ជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអមន្តរជាតិជប៉ុនJICA លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯកក្រោយពីសិក្សាស្រាវ ជ្រាវអស់រយៈពេល១២ខែ ត្រូវបានបញ្ចប់។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាល រាជធានីភ្នំពេញ ឯកឧត្តមសូមអគុណចំពោះដៃគូអភិវឌ្ឍន៍ JICA ជប៉ុនដែលតែងតែបន្ដជួយ ដល់កិច្ចដំណើរការអភិវឌ្ឍសំខាន់ៗ ជាក់ស្តែងគម្រោងកែលម្អប្រព័ន្ធទឹកកខ្វក់ក្នុងរាជធានី ភ្នំពេញ ដែលគម្រោងនេះបានផ្តោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើង និងការកែលម្អបរិ ស្ថានទីក្រុងប្រកបដោយប្រសិទ្ធភាពនិរន្តរភាព និងការពារបរិស្ថានព្រមទាំងបានលើកកម្ពស់ ដល់សោភណភាពរាជធានីភ្នំពេញសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងបរិស្ថានស្អាតប្រកបដោយផាសុកភាព ជាពិសេសផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋថែមទៀត។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាល ជប៉ុនដែលតែងតែលើកទឹកចិត្តបន្ដជួយឧបត្ថម្ភគាំទ្រដល់រដ្ឋាបាលរាជធានីភ្នំពេញ លើការ អភិវឌ្ឍកសាងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួន តាមរយៈកិច្ចសហប្រតិបត្តិការជំនួយហិរញ្ញប្ប ទានកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការការទូតដែលជាការរួម ចំណែកយ៉ាងសកម្មក្នុងការស្តារនិងអភិវឌ្ឍន៍រាជធានីភ្នំពេញកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដចាប់ដៃ គូអភិវឌ្ឍន៍ដ៏ល្អជាមួយក្រុមការងារគម្រោងរបស់JICAរួមជាមួយមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ីធីអាយ(CTI) ដែលបាន ខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវអស់រយៈពេល១២ខែ រហូតបានបញ្ចប់ការសិក្សានិងដាក់ ចេញជារបាយការណ៍បញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកហើយឈានមកដល់ការចុះហត្ថលេខាលើព្រមព្រៀងរវាងភាគីទាំងពីរនាពេលនេះ។

ឯកឧត្ដមបន្ដថា គម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនឹង ត្រូវក្លាយជាគម្រោងគំរូដំបូងបង្អស់ សម្រាប់រដ្ឋាបាលរាជធានីភ្នំពេញលើការកែច្នៃទឹកកខ្វក់ ក្នុងបរិមាណ៥០០០ម៉ែត្រគុប/ថ្ងៃ ដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការបំពុល បរិស្ថានមួយកម្រិតធំនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ ឯកឧត្តមសង្ឃឹមថា គម្រោងនេះ នឹងត្រូវបានអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិត អ៊ីតូ មិមប៉េអ៊ិ (Dr. lto Mimpei) បានមានប្រសាសន៍លើកឡើងថា ជាតិពុលដែលហូរចូលទៅក្នុងទន្លេបឹងបួធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ និងសត្វយ៉ាងខ្លាំងក្លា។ តាមលទ្ធផលនៃការស្រាវជ្រាវការស្តារបរិស្ថានឡើងវិញគឺ ត្រូវចំណាយថវិកាច្រើនលើសពីការវិនិយោគ។ បញ្ហានេះចំណុចសំខាន់យើងត្រូវ ធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំណាក់កាលបឋមដើម្បីទប់ទល់ការចំណាយច្រើននេះ។

លោកបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះអាចបន្សុទ្ធទឹកកខ្វក់បានក្នុងមួយថ្ងៃ៥០០០ម៉ែត្រគុប។ ក្រៅពីការអភិវឌ្ឍផ្នែកខាងត្បូងហើយផ្នែកខាងជើងយើងក៏នឹង ចូលរួមធ្វើការអភិវឌ្ឍផងដែរ។ លោកបានបញ្ជាក់ថា ក្រោយការចុះហត្ថលេខាលើ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះរួច យើងនឹងបញ្ជូនទៅឱ្យ រាជរដ្ឋាភិបាលជប៉ុនដើម្បីធ្វើការអនុម័តចុងក្រោយ៕

ដោយ សួស សំរិត