ឯកឧត្ដម អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីស្រាយបួសរ៉ាម៉ាឌន ដែលរៀបចំដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ​ឆ្នាំ២០១៩ -តបតាមការអញ្ជើញរបស់ ឯកឧត្ដមបណ្ឌិត TUN Dr. Mahathir Mohamad នាយករដ្ឋមន្រ្តីម៉ាឡេស៊ី  និងបានអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសសកម្មពិសេស បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមទទួលទានអាហារស្រាយបួសមិត្តភាពជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី ព្រមទាំងតំណាងមកពី១២ប្រទេស ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីក្រុងរាជរដ្ឋាភិបាលបុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។

បើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម កៅ អ៊ឹមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ឧសភា ឆ្នាំ ២០១៩នេះ ថា បន្ទាប់ពីបានពាំនាំអនុសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្ដមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអគុណដល់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជានិច្ចកាលតែងតែផ្សាភ្ជាប់ទំនាក់ទំនងការទូតយ៉ាងល្អប្រសើររវាងប្រទេស ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំង២ ក៏ដូចជាទំនាក់ទំនងនៃភាពជាបងប្អូនជាមួយថ្នាក់ដឹកនាំ និងសហគមន៍ខ្មែរឥស្លាមជាដរាបតរៀងមកផងដែរ ។

ស្របជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអបអរសាទរ ដល់ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែលត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្តល់ទំនុកចិត្តតែងតាំងជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC ដែលជាអង្គការធំទី២ លើពិភពលោក បន្ទាប់ពីអង្គការ UN ។ ឯកឧត្តមក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខជូន      សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងសម្តែងនូវការកោតសរសើរដល់សម្តេច ចំពោះវីរភាព អង់អាចក្លាហាន និង ការដឹកប្រទេសឆ្ពោះទៅរកការរីកចម្រើនជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព និងគោលនយោបាយសុខដុមបនីយកម្ម ៕

ដោយសួស សំរិត