គណៈបញ្ជាការឯកភាពខេត្តសៀមរាបបើកកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ពេលបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

AKP សៀមរាប ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ -គណៈបញ្ជាការឯកភាពខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយក្នុងគោលបំណងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ហើយដែលកិច្ចប្រជុំនេះដែរបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធ អយ្យការអមសាលាដំបូង មន្ទីរ អង្គភាពពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកផងដែរ។

ឆ្លងតាមកិច្ចពិភាក្សានៃអង្គប្រជុំ ឯកឧត្តម ទៀ សីហា បានធ្វើការវាយតម្លៃខ្ពស់ពីរបាយ ការណ៍តាមបណ្តាកងឯកភាព គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះ។ ក្នុងនោះដែរឯកឧត្តមក៏បានដាក់ចេញនូវបទបញ្ជា និងវិធានការមួយចំនួនដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ដើម្បីបញ្ចៀសនូវរាល់បាតុភាពផ្សេងៗ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជំរុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងការធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរជាតិ អន្តរជាតិ។

ឯកឧត្តម ទៀ សីហា បានបញ្ជាឱ្យគ្រប់កងឯកភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក គឺត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមនូវការងារសន្តិសុខទូទាំងខេត្ត ជាពិសេសចលនាសង្គ្រោះជាតិ ដែលញុះញង់បង្កអសន្តិសុខដល់សង្គមជាតិ ដំណើរការលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ ធ្វើការត្រួតពិនិត្យនូវរាល់ព័ត៌មានបំពុលសង្គមតាមគេហទំព័រ និងជាពិសេសរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

តាមរយៈនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ណែនាំដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីធនធានធម្មជាតិនៅភ្នំគូលេន និងបឹងទន្លេសាប ដោយមន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរស្រុក លើកនូវទិសដៅកំណត់ទីតាំងដាំកូនឈើនៅភ្នំគូលែន និងស្រុកស្វាយលើ នៅខែខាងមុខនេះ។ ចំពោះបញ្ហាគ្រឿងញៀនក៏ត្រូវបានឯកឧត្តម ទៀ សីហា បញ្ជាឱ្យកំណត់នូវមុខសញ្ញាអ្នកញៀននឹងក្លាយទៅជាអ្នកធ្វើសកម្មភាពក្នុងការជួញគ្រឿងញៀន។ ឯកឧត្តមសូមឱ្យគ្រប់បណ្តាក្រុង ស្រុកនៃខេត្តសៀមរាប ត្រូវអនុវត្តន៍សារាចរណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឹងម៉ាត់ និងមានកិច្ចសហការគ្នាឱ្យបានល្អរវាងខេត្ត ក្រុង ស្រុក និងត្រូវយកចិត្តទុកដាក់ខ្ពស់នូវសុវត្ថិភាព សន្តិសុខចំពោះបងប្អូនជាអង្គបោះឆ្នោតគ្រប់បណ្តាឃុំ សង្កាត់ឱ្យបានល្អ រហូតដល់ការបោះឆ្នោតអសកលនៅថ្ងៃខាងមុខនេះ៕

ដោយហង្ស សៀក