អណ្តើកហ្លួងនៅតែប្រឈមនឹងការគំរាមកំហែងខ្ពស់ បើទោះជាចំនួនកើនឡើងក្តី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ –អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាអណ្តើកមួយ ក្នុងចំណោមអណ្តើកចំនួន២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងបំផុត (Critically Endangered) នៅលើសកលលោក និងត្រូវបានចាត់ជាប្រភេទសត្វដែលរងការគំរាមកំហែងប្រឈមនឹងការផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) នេះបើតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានឱ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីពេលថ្មីៗនេះ។

លោក អ៊ុក វិបុល បានបន្តថា អណ្តើកហ្លួង គឺមានវត្តមានតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ហើយចំនួនរបស់ពួកវានៅលើសកលលោក មានប្រមាណតែ ៥០០ ទៅ ៧០០ក្បាល ប៉ុណ្ណោះ ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ គឺមានចំនួនប្រហែល៤៥០ក្បាល។ អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ ទើបរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសិក្សាស្រាវជ្រាវរួមគ្នា ហើយបានរកឃើញសំបុកសត្វអណ្តើកប្រភេទនេះ នៅមានវត្តមាននៅឡើយតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ប៉ុន្តែមានចំនួនតិចតួចបំផុត។ ហើយនៅឆ្នាំដដែល អង្គការសមាគមអភិរក្សសត្វព្រៃ ក៏បានបង្កើតគម្រោងអភិរក្សសត្វអណ្តើកនេះឡើង។ នៅក្នុងឆ្នាំ២០០២ រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS Cambodia) បានរៀបចំគម្រោងការពារសំបុក ដោយមានការចូលរួមពីប្រជាសហគមន៍នៅក្នុងស្រុកស្រែអំបិល តាមរយៈការជ្រើសរើសយកអតីតអ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឲ្យធ្វើការជាបុគ្គលិកគម្រោងដើម្បីស្វែងរក និងការពារសំបុកសត្វអណ្តើកហ្លួង ជំនួសឱ្យការប្រមូលយកពង ឬកូនទៅលក់វិញ។

ក្រោមកិច្ចសហការនេះ ជាក់ស្តែងយើងបានសង្រ្គោះ និងថែរក្សាអណ្តើកហ្លួងសរុបចំនួន៤៣៦ក្បាល ក្នុងនោះ២៤៩ក្បាល ត្រូវបានថែរក្សានៅក្នុងមជ្ឈមណ្ឌលអភិរក្សល្មូនខេត្តកោះកុង និងមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ និង១៨៧ក្បាលផ្សេងទៀត ត្រូវបានលែងចូលទៅក្នុងធម្មជាតិ ដោយភ្ជាប់ជាមួយប្រព័ន្ធតាមដាន ដើម្បីសិក្សាពីការបម្លាស់ទីរបស់វា វិធានការណ៍ការពារ និងបង្កើនផលស្តុកក្នុងដែនទឹកធម្មជាតិ។

លោកបានបញ្ជាក់បន្ថែមផងដែរថា ប្រភេទសត្វអណ្តើកហ្លួងនេះ គឺមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិលតែប៉ុណ្ណោះ ជាពិសេសនៅតាមដងព្រែកក្អោង និងព្រែកកំពង់លើ ដូច្នេះអណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទសត្វប្រចាំតំបន់ ហើយជាទូទៅ រាល់ប្រភេទសត្វប្រចាំតំបន់ គឺងាយរងគ្រោះ និងបាត់បង់ណាស់ ប្រសិនជាយើងបំផ្លាញជម្រករបស់វា ពីព្រោះពួកវាពុំមានជម្រើសក្នុងការសម្របខ្លួន និងរស់នៅកន្លែងផ្សេងៗទៀតបានឡើយ។ រហូតមកទល់ពេលនេះ បើទោះជាអណ្តើកហ្លួងបានកើនចំនួនក៏ដោយ តាមរយៈការអភិរក្ស ការភ្ញាស់កូន និងការលែងទៅក្នុងធម្មជាតិ ក៏អណ្តើកប្រភេទនេះ នៅតែរងការគំរាមកំហែងដដែល គឺដោយសារការប្រើឧបករណ៍នេសាទខុសច្បាប់ ការបូមខ្សាច់នៅតាមដងព្រែកដែលជាជម្រករបស់វា ការប្រមូលពងធ្វើជាអាហារ និងការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ការពារធ្វើកម្មសិទ្ធ ដែលសកម្មភាពទាំងនេះបានធ្វើឱ្យវាបាត់បង់ទីជម្រក និងកន្លែងពងកូន ហើយបើសិនជាសកម្មភាពទាំងនេះនៅតែបន្ត នោះអណ្តើកហ្លួងនឹងឈានទៅរកការផុតពូជពីក្នុងប្រទេសកម្ពុជាមិនខាន ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WCS Cambodia បាន និងកំពុងធ្វើការគ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង ប្រកបដោយជោគជ័យ តាមប្រព័ន្ធព្រែកស្រែអំបិល ព្រែកក្អោង និងតាមព្រែកមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយបានអនុវត្តកម្មវិធីមួយចំនួនដូចជាការអប់រំផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ ការការពារទីជម្រក និងសំបុកពងកូន ការល្បាត ការថែរក្សាកូនញាស់ក្នុងមជ្ឈមណ្ឌល ការលែងចូលទៅក្នុងធម្មជាតិដោយបំពាក់ឧបករណ៍តាមដានការបម្លាស់ទី និងការសាងសង់មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន។

លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស នៃអង្គការ WCS Cambodia បានឱ្យ AKP ដឹងផងដែរថា មានពពួកសត្វអណ្តើកជាង៣៦០ប្រភេទនៅទូទាំងពិភពលោក និង១៤ប្រភេទនៅប្រទេសកម្ពុជា ក្នុងនោះ០៩ប្រភេទ ត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយអណ្តើកហ្លួង គឺស្ថិតក្នុងប្រភេទដែលរងការគំរាមកំហែងខ្លាំងជាងគេបំផុត ហើយវាមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង និងមួយចំនួនតូចនៅតាមដងព្រែកក្នុងខេត្តព្រះសីហនុ និងផ្នែកខាងលើនៃទន្លេជីផាត តែប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ការបាត់បង់ជម្រក គឺមូលហេតុចម្បង ដែលបណ្តាលឱ្យអណ្តើកហ្លួង ឬក៏ប្រភេទអណ្តើកផ្សេងៗទៀត អាចឈានទៅរកការផុតពូជ ជាឧទាហរណ៍គឺ អណ្តើកស្រែ (Mekong snail-eating turtle) ដែលស្ថិតនៅក្នុងប្រភេទកំពុងរងការគំរាមកំហែង (VU) នៅឡើយ នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយអណ្តើកប្រភេទនេះត្រូវបានមើលឃើញថា មានការលក់ដូរជាញឹកញាប់ នៅតាមបណ្តាផ្សារក្នុងប្រទេសកម្ពុជា ហើយជម្រករបស់វាគឺនៅតាមតំបន់ទំនាបលិចទឹក តាមបឹងតូចធំ ឬនៅតាមវាលស្រែ ដែលមកទល់ពេលនេះ ជម្រកទាំងនេះត្រូវបានហ៊ុំព័ទ្ធទៅដោយមនុស្ស ដែលជាកត្តាធ្វើឱ្យអណ្តើកប្រភេទនេះ ប្រឈមនឹងការផុតពូជលឿនបំផុត បើទោះបីជាវាត្រូវបានការពារដោយច្បាប់ជលផលក៏ដោយ។

លោក សោម ស៊ីថា បានបន្តថា ការបូមខ្សាច់ចាប់តាំងពីឆ្នាំ២០០៧ នៅតំបន់របស់សត្វអណ្តើកហ្លួង គឺជាមូលហេតុធំបំផុត នៃការថយចុះចំនួនអណ្តើកប្រភេទនេះយ៉ាងខ្លាំង ហើយការកាប់ឆ្ការព្រៃលិចទឹក ក៏ដូចជាការកាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើ ការរុករកស៊ុតដើម្បីលក់ ក៏ជាមូលហេតុចម្បងនៃការថយចុះអណ្តើកហ្លួងផងដែរ។ ដោយមើលឃើញពីកត្តាគ្រោះថ្នាក់នៃការថយចុះនៃអណ្តើកប្រភេទនេះ ទើបអង្គការ WCS Cambodia រួមជាមួយនឹងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បាន និងកំពុងបន្តអនុវត្តគម្រោងអភិរក្សអណ្តើកហ្លួង ជាពិសេសគឺការធ្វើឱ្យតំបន់ដែលមានវត្តមានអណ្តើកហ្លួងពុំមានការបូមខ្សាច់បន្តទៀត ការចុះល្បាតជាប់លាប់តាមតំបន់ និងការអនុវត្តគម្រោងធ្វើឱ្យជីវភាពប្រជាជនក្នុងតំបន់ប្រសើរឡើង ដើម្បីឱ្យពួកគេចូលរួមអភិរក្សអណ្តើកហ្លួងទាំងអស់គ្នា។ ជាមួយគ្នានេះផងដែរ លោកក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល ដែលបានចេញសេចក្តីប្រកាស សម្រេចបញ្ឈប់ឱ្យមានការបូមខ្សាច់គ្រប់ប្រភេទនៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង កាលពីខែកក្កដា ឆ្នាំ២០១៧ ដែលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ ដល់ការងារអភិរក្សអណ្តើកហ្លួងឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយចាប់តាំងពីឆ្នាំ២០០២មក យើងបានការពារសំបុកអណ្តើកហ្លួងបាន៤២សំបុក និងភ្ញាស់បាន៤២៧អណ្តើក។

លោកបានបន្ថែមថា អង្គការ WCS Cambodia រួមជាមួយរដ្ឋបាលជលផល ព្រមទាំងមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB) និងអង្គការអភិរក្សសត្វព្រៃនៃប្រទេសសិង្ហបុរី (WRS) បាន និងកំពុងសហការរួមគ្នាយ៉ាងជិតស្និទ តាមរយៈគម្រោងអភិរក្សជាច្រើន ដោយធានាថានឹងពុំអនុញ្ញាតឱ្យអណ្តើកប្រភេទនេះផុតពូជពីក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។

ចំណែកឯ លោក Michael Meyerhoff នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB) ក៏បានឱ្យដឹងផងដែរថា ការងារអភិរក្សអណ្តើកហ្លួង គឺមានការលំបាក និងស្មុគស្មាញយ៉ាងខ្លាំង និងមានកត្តាជាច្រើន ដែលបង្ហាញថាអណ្តើកហ្លួងនៅតែប្រឈមនឹងហានិភ័យខ្ពស់ ប្រឈមនឹងការផុតពូជ ក្នុងនោះកត្តារីកធំធាត់របស់សត្វអណ្តើកប្រភេទនេះយឺតណាស់ ដើម្បីឈានទៅពេញវ័យដែលអាចបន្តពូជបាន ហើយការភ្ញាស់ពូជអណ្តើកប្រភេទនេះ គឺមានតែក្នុងមជ្ឈមណ្ឌលអភិរក្សនៅខេត្តកោះកុងតែប៉ុណ្ណោះ ម៉្យាងទៀត ការភ្ញាស់នេះផងដែរក៏ជួបការលំបាកណាស់ ដោយអណ្តើកប្រភេទនេះមានអាយុយ៉ាងហោចណាស់ក៏១២ឆ្នាំដែរ ទើបអាចបង្កាត់ពូជបាន ប៉ុន្តែក្នុងករណីខ្លះ គឺអាចច្រើនជាងនេះរហូតដល់អាយុ២៥ឆ្នាំ ជាពិសេសគឺការបង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌល ដែលខុសពីការបង្កាត់ពូជតាមបែបធម្មជាតិរបស់អណ្តើក។ ការឆក់ឱកាសរបស់ជនល្មើសដែលស្វែងរកពង ដើម្បីយកទៅលក់ឬទទួលទាន ការចាប់ឬដាក់អន្ទាក់ នៅតែមាន ការបាត់បង់ទីជម្រកនៅតែបន្ត ។ល។ ទាំងនេះហើយគឺសុទ្ធតែជាកត្តារួមផ្សំ ដែលធ្វើឱ្យការងារអភិរក្សអណ្តើកហ្លួងនៅតែជួបបញ្ហាជាបន្តបន្ទាប់។

លោក Michael Meyerhoff បានបន្ថែមថា ប្រជាជនកម្ពុជាខ្លះស្គាល់ និងខ្លះមិនស្គាល់អណ្តើកហ្លួងទេ តែភាគច្រើន ច្បាស់ជាពុំដឹងពីគ្រោះថា្នក់ដែលអណ្តើកហ្លួងកំពុងប្រឈមនោះទេ។ ហើយលោកសង្ឃឹមថានៅថ្ងៃណាមួយ ប្រជាជនកម្ពុជាទាំងអស់នឹងយល់ច្បាស់អំពីសារៈសំខាន់នៃការងារអភិរក្សសត្វព្រៃ ជាពិសេសគឺអណ្តើកហ្លួងនេះ ដែលជាប្រភេទរងគ្រោះខ្លាំងបំផុតនៅប្រទេសកម្ពុជា ហើយនឹងចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសត្វល្មូនប្រភេទនេះឱ្យនៅគង់វង្សជានិរន្ត។

អណ្តើកហ្លួង ឬអណ្តើកសរសៃ ត្រូវបានចាត់ទុកជាប្រភេទសត្វល្មូន តំណាងព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ហើយអណ្តើកហ្លួងមានចំនុចខុសពីអណ្តើកដ៏ទៃទៀត ត្រង់ថាអណ្តើកហ្លួងអាចរស់នៅក្នុងទឹកសាបក៏បាន ទឹកប្រៃក៏បាន ហើយចំនុចខុសគ្នា១ទៀតគឺ អណ្តើកហ្លួងមានម្រាមតែ៤ប៉ុណ្ណោះ ខណៈដែលអណ្តើកប្រភេទផ្សេងៗទៀត មានម្រាម៥។

សូមបញ្ជាក់ថា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ គឺជាទិវាអណ្តើកពិភពលោក។ ទិវានេះត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំ  គឺដើម្បីទាញចំណាប់អារម្មណ៍ ក៏ដូចជាជំរុញប្រជាជនទូទាំងពិភពលោក ឱ្យចូលរួមទាំងអស់គ្នាក្នុងការងារអភិរក្ស ដើម្បីសង្គ្រោះសត្វអណ្តើកឱ្យបានរស់នៅ និងលូតលាស់នៅក្នុងធម្មជាតិ។

រូបថត៖ សោម ស៊ីថា និង អេង ម៉េងអ៊ី (WCS)

ដោយ ថាច់ ផាណារ៉ុង