អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តព្រះនរាយ៍

AKP បាត់ដំបង ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២១៩ -នៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងហោត្រ័យពុទ្ធាពិសេកព្រះត្រ័យបិដក និងផ្លូវចាក់បេតុង នៅវត្តព្រះនរាយ៍ ហៅវត្តខ្វែង ស្ថិតក្នុងភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាន៍ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគធនធានចូលរួមកសាងនូវសមិទ្ធផលថ្មីមួយនេះ ដែលបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការកកើតឡើងសមិទ្ធផលនានា កម្ពុជាទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ជាក់ស្ដែងសមិទ្ធផលកើតឡើងនៅក្នុងវត្តខ្វែងជាបន្តបន្ទាប់នេះ ក៏ដោយសារមានការខិតខំប្រឹងប្រែង អនុវត្តន៍នូវគោលការប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាល ដោយរៀបចំឱ្យមានការបោះឆ្នោតទាំងថ្នាក់សកល និងអសកលជាបន្តបន្ទាប់មក ។

ក្នុងពិធីនេះដែរ ឯកឧត្តម ងួន រតនៈ ក៏បានប្រគល់បច្ច័យបន្ថែមចំនួន ៦.៣០០.០០០ រៀល និង ១៩០ដុល្លារអាម៉េរិក ក្នុងនោះបច្ច័យរបស់រដ្ឋបាលខេត្តបាត់ដំបង ចំនួន ៤លានរៀល និង បច្ច័យចំនួន ២.៣០០.០០០រៀល និង ១៩០ដុល្លារអាម៉េរិក បានពីការចូលរួម របស់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ជូនដល់គណៈកម្មាការ អាចារ្យវត្ត ដើម្បីចាត់ចែង និងប្រើប្រាស់ទៅតាមតម្រូវការប្រើប្រាស់ ។

សូមជម្រាបថា ហោត្រ័យ និងផ្លូវចាក់បេតុង ក្នុងវត្តព្រះនរាយ៍ បានចាប់ផ្តើមការសាងឡើង អស់រយៈពេល ៨ឆ្នាំមកហើយទើបមកដល់ ខែឧសភា ឆ្នាំ២០១៩នេះ បានរួចរាល់ជាស្ថាពរ ។ ហោត្រ័យនេះមានបណ្តោយ ៨,៥ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ១៦ម៉ែត្រ ដែលបានចំណាយថវិកាអស់ចំនួន ៥១.៩៩២ដុល្លារអាម៉េរិក ដែលក្នុងនោះមានការចួលរួមកសាង ពីព្រះសង្ឃ មន្ត្រីរាជការទូទាំងខេត្ត ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសបានចូលរួមផងដែរ ៕

ដោយ៖ណយ នឿន (ប្រភព រដ្ឋបាល ខេត្តបាត់ដំបង)