ព្រះមហាក្សត្រយាងទៅចូលរួមការប្រារព្ធខួប២៥ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរនៅប្រទេសបារាំង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ -ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរា ជា​ណា​ចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញពីកម្ពុជាហើយ តាម​ព្រះ​​​ទីនាំងយន្តហោះពិសេស នាព្រឹក ព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីចូល​រួមក្នុងពិធី​ប្រា​រ​ព្ធ​​​​ខួប ២៥ឆ្នាំ នៃ សកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរ​ក្ស​​តំ​បន់​​អង្គរ( ICC-Angkor )នៅសាធារណរដ្ឋបារាំង។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ នៅឯព្រលានយន្ត​ហោះ​​​​​​អន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេ​ច​អគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែ​ន​ នា​យ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រី​​​ក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពា​រ​ជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។

​នៅក្នុងព្រះរាជសាររបស់ព្រះករុណា​ព្រះម​ហា​​ក្សត្រ ចុះ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ផ្ញើជូនជនរួមជាតិ បានគូសបញ្ជាក់ថា ទូលព្រះបង្គំ ខ្ញុំ​ព្រះ​ករុ​ណា​ ខ្ញុំសូមព្រះអនុញ្ញាត និង អនុញ្ញាតពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងព្រះ​ថេ​រានុ​ត្ថេ​រៈ​គ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មា​មីង​ បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី​ថ្ងៃ​ទី​២​៣​ ដល់ថ្ងៃទី២៦ ខែ​​ឧសភា ឆ្នាំ ២០១៩ ដើម្បីចូលរួមក្នុងពិធី​ប្រារព្ធ​​ខួប ២៥ឆ្នាំ នៃសកម្មភាព​គណៈ​​កម្មាធិការ​អន្ត​រ​ជាតិ សម្រប សម្រួលកិច្ចគាំពារ និងអភិរ​ក្ស​​តំបន់​អង្គរ នៅសាធារណរ​ដ្ឋ​បា​រាំង​។​ នៅក្នុងឱកាស​អវត្ត​​មាន របស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្ដេច​វិបុល​សេ​នាភក្កី សាយ ឈុំ ប្រ​​​ធាន ព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុង​ឋានៈ​ជា​ប្រ​មុខរដ្ឋស្ដីទី នៃ​ព្រះ​រាជា ណាចក្រកម្ពុជា។

​សូម​រម្លឹកថា គណៈកម្មាធិការ​អន្តរជាតិដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំ​ប​ន់​​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ ( ICC-Angkor ) បានរៀបចំ​កិ​ច្ច​​ប្រជុំ​បច្ចេកទេស លើក​ទី​៣១ និង​កិច្ចប្រជុំពេញអង្គលើ​ក​ទី​២៥ ព្រមទាំង​ប្រារព្ធ​ពិធី​អប​អរ​សា​ទរខួប ២៥​ឆ្នាំ នៃ​ការបង្កើត អាយ ស៊ី ស៊ី អង្គរ កាលពី​ថ្ងៃទី​៤ និង​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទី​រួម​​​​​ខេត្តសៀមរាប​។ ការរៀបចំ​ពិធី​អបអរសាទរ​ខួប ២៥​ឆ្នាំ​នៃ​ការបង្កើត ICC-Angkor​នេះ មាន​គោ​ល​បំ​ណង​សាទរភាព​ជោគជ័យ ដែល​កើតចេញ​មកពី​យន្តការ​របស់​ស្ថាប័ន​មួយ​នេះ ក្នុង​ការ​ជួយ​​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​សម្បត្តិ​វប្បធម៌​បុរាណ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​ ដែល​ប​ច្ចុ​​​ប្ប​​ន្ន ICC-Angkor ក៏​កំពុង​ក្លាយជា​គំរូ​មួយបង្ហាញ​ទៅ​បណ្តា​ប្រទេស​នានា​លើ​សកលលោក ​ទៀ​​ត​ផ​ង​​។ គណៈកម្មាធិការ​អាយ​ស៊ី​ ស៊ី ​​អង្គរ ( ICC-Angkor )  ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១​៩​៩៣ ក្រោ​យ​​ស​និ្ន​សីទ​អន្តរជាតិ​លើក​ទី​១​ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ​ប្រ​ទេស​ជប៉ុន ​តាម​សំ​ណូ​​មពរ​របស់​គ​ណៈ​​​កម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ហើយការបង្កើត ICC-Angkorនេះ ធ្វើឡើង​ក្រោយ​ពេ​លដែល​ប្រាសាទអង្គរវត្ត បានដាក់​បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភណ្ឌ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​ ។ ​ស​ក​ម្ម​ភា​ព និង​សមិទ្ធផល ដែល​ICC-Angkor បាន​អនុវត្តន៍​កន្ល​ងមក​នោះ គឺ​ការជួសជុល​ប្រា​សា​ទ​ និង​អភិរក្ស​បេតិកភណ្ឌ​ គម្រោង​បណ្តុះ បណ្តាល ​ថែទាំ​ប្រា​សាទ ស្រាវជ្រាវ និង​អភិវឌ្ឍន៍ លើ​​ក​ត​ម្លៃ​​រមណីយដ្ឋាន​អង្គរ​តាមរយៈ​ក្រម​ប្រតិបត្តិ​អង្គរ​ សា​ង​សង់​សារមន្ទីរ​ព្រះ​នរោត្តម​សី​ហ​នុ​-​អង្គរ និ​ង សារមន្ទីរ​កុលាលភាជន៍​អង្គរ​នៅ​ភូមិ​តានី និង​សា​ង​សង់​សារមន្ទីរ​វាយ​ន​ភ័ណ្ឌ​ប្រពៃ​ណី​​អាស៊ីអាគ្នេយ៍​ជាដើម​។ សមាជិ​ក​នៃ​អាយ ​ស៊ី ​ស៊ី​-​អង្គរ​ មា​​ន​ចំនួន​៣៧​ប្រទេស​មកពី​ទ្វីប​៥ ​និង​មាន​​អង្គ​ការ​​អន្ត​រជាតិ​ចំនួន​១៣​ទៀត​ចូលរួម​ជា​សមាជិក​ដែរ​។​ បណ្តាប្រទេស​ទាំងនោះរួម​មាន​៖ ​ប្រទេ​ស​​បា​​រាំង អាល្លឺ​ម៉​ង់​ អូស្ត្រាលី បែ​ល​ហ៊្សិ​ក ព្រុយ​ណេ​ កម្ពុជា កាណាដា ដា​ណឺ​ម៉ាក អេ​ហ្ស៊ី​ប អេ​ស្ប៉ា​​ញ អា​ម៉េរិ​ក រុ​ស្ស៊ី ក្រិក ហុង​គ្រី ឥណ្ឌា ឥ​ណ្ឌូ​ណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុច​សំ​បួ ម៉ា​ឡេ​ស៊ី ម៉ិក​ស៊ិ​ក ន័​រ​វែ​ស​ នូ​វែ​ល​សេ​ឡង់ ហូ​ឡង់ ហ៊្វីលីពីន ប៉ូឡូញ ចក្រភព​អង់គ្លេស​ អៀរ​ឡង់​​ខាងជើង សា​ធារ​ណរ​ដ្ឋ​កូរ៉េ ចិន សិង្ហ​បុរី ស្រី​ល​ង្កា​ ស៊ុយអែត ស្វី​ស ថៃ ទុយ​នី​ស៊ី​ និង​វៀត​ណា​ម ៕

ដោយ ជឹម ណារី