អង្គការរ៉ូតារីក្លិបអង្គរ ចែកអំណោយជូនប្រជាពលរដ្ឋ១០០គ្រួសារ និងសិស្សក្រីក្រ១៦០នាក់ នៅស្រុកក្រឡាញ់ ខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ — សមាគមរ៉ូតារីក្លិបអង្គរ រួមជាមួយ រ៉ូតារីជប៉ុន តៃវ៉ាន់ និងរ៉ូតារីកូរ៉េ បាននាំយកនូវអំណោយ​ជាអង្ករ​ចំនួន២.៥០០គីឡូក្រាម ភួយ២២០ ធុងចម្រោះទឹកស្អាត២២ និងសម្លៀកបំពាក់មួយ​ចំនួន បានយកទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន១០០គ្រួសារ​និងសិស្សក្រីក្រចំនួន​១៦០នាក់។ ពិធីចែកអំណោយនេះ ប្រារព្ធឡើងកាលពីថ្ងៃ៣រោច ខែពិសាខឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩ នៅសាលាបឋមសិក្សាកំពុងថ្កូវ ឃុំកំពុងថ្កូវ ស្រុកក្រឡាញ់ ខេត្ដសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

លោកស្រី អាណា ហ្សៀក ប្រធានអង្គររ៉ូតារីក្លិបប្រចាំខេត្តសៀមរាប ការផ្ដល់​អំណោយ​ទាំងនេះ ដោយមើលឃើញនូវការអាណិតអាសូរចំពោះប្រជាពលរដ្ឋ និងសិស្សានុសិស្ស​កម្ពុជាដែលមានការខ្វះខាត។ លោកស្រីបានបញ្ជាក់ថា ការលើកកម្ពស់សកម្មភាព​គម្រោង​អនាម័យទឹកស្អាតក្នុងសាលារៀននៅខេត្តសៀមរាប គឺក្នុងគោលបំណងធ្វើឱ្យសិស្សទាំងអស់​ទទួលបានទឹកមានសុវត្ថិភាពសម្រាប់ទទួលទាននិងប្រើប្រាស់បន្ទប់ទឹកឱ្យបានល្អប្រសើរជាងមុន។ លោកស្រីបានបន្ដថា គម្រោងនេះ ត្រូវមានកិច្ចសហការពីរ៉ូតារីក្លិបជប៉ុន តៃវ៉ាន់​ និងកូរ៉េ រួមទាំងអង្គររ៉ូតារីក្លិបប្រចាំកម្ពុជា ក្នុងហិរញ្ញប្បទានប្រមាណ១០០ពាន់ដុល្លាអាម៉េរិក។ លោកស្រីបានបន្ដទៀតថា ទឹកស្អាតនិងអនាម័យជាបញ្ហាចម្បងនៅកម្ពុជា តែបើមានទឹក​មានដី ​និងបរិស្ថានគ្មានអនាម័យ ជាមូលហេតុបង្កឱ្យមានជំងឺ។

លោកជំទាវ ទាង អេង បានសម្តែងនូវអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់​សមាគមអង្គការរ៉ូតារីក្លិប រួមនិងរ៉ូតារីជប៉ុន តៃវ៉ាន់ និង កូរ៉េ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងវិស័យមនុស្សធម៌ អប់រំ សុខាភិបាលនិងទឹកស្អាតនៅខេត្តសៀមរាប។ លោកជំទាវបាន​គូស​បញ្ជាក់ថា ដោយតម្រូវការក្នុងការជួយសង្រ្គោះបងប្អូនរងគ្រោះ សាខាកាកបាទក្រហម​ខេត្តក៏បានធ្វើការអំពាវនាវដល់សប្បុរសជនដែលមានសណ្តានចិត្តសប្បុរសធម៌ ក្នុងការ​បរិច្ចាក​នូវធន​ធានជាស្បៀងអាហារ សម្ភារ ចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើមី្ប​មាន​លទ្ធភាពជួយដល់គ្រួសារជនរងគ្រោះ នៅតាមបណ្តាមូលដ្ឋានទូទាំងខេត្តសៀមរាប។

លោកជំទាវក៏បានណែនាំដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួម​សម្អាតនូវបរិស្ថានជុំវិញខ្លួន និងមុនពេលបរិភោគអាហារត្រូវតែលាងដៃសម្អាតនឹងសាប៊ូ ព្រម​ទាំងទទួលទាននូវទឹកសុវត្ថិភាព និងមានអនាម័យនោះ ជីវិតសុខភាពយើងត្រូវបានលើក កម្ពស់ និងមានអនាគតភ្លឺថ្លា។

គួរបញ្ជាក់ថា ក្នុងការចែកអំណោយនោះសិស្សម្នាក់ៗទទួលបានភួយ១ ហើយប្រជា​ពលរដ្ឋ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម រួមទាំងសម្លៀកបំពាក់ផងដែរ។ ជាមួយ​គ្នានេះ ក្រោយពិធីចែកអំណោយ ប្រតិភូសប្បុរសធម៌ទាំងអស់​បានចុះត្រួតពិនិត្យការដ្ឋាន​សាងសង់​ចម្រោះទឹកស្អាតក្នុងសាលារៀន ព្រមទាំងបានធ្វើការណែនាំដល់ក្រុមជាងឱ្យ​យក​ចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ឱ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេសសំណង់ ដើមី្ប​ធានាបានក្នុងការប្រើប្រាស់បានយូរអង្វែងផងដែរ៕

ដោយ ហង្ស សៀក