ឯកឧត្ដម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ត្រូវបានតែងតាំងជាតំណាងបេសកជនពិសេស របស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្ដិការឥស្លាម(OIC)

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គការ សហប្រតិបត្តិការឥស្លាម(Organization of Islamic Cooperation) ហៅកាត់ថា(OIC) បាន​ទទួល​​ស្គាល់ជាផ្លូវការក្នុងការតែងតាំង ជាបេសកជនពិសេសតំណាងឱ្យព្រះរាជាណាចក្រ​កម្ពុជា ដែលជាប្រទេសទី១១ ដែលមានបេសកជន តំណាងប្រទេសប្រចាំនៅអង្គការ OIC ដូចគ្នានេះ។  នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម កៅ អ៊ឹមរ៉ន អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។ នៅក្នុងលិខិតរបស់ឯកឧត្តម Yousef A Al Othaim een អគ្គលេខាធិការអង្គការOIC ចុះ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ឆ្លើយតបមក ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងការ កោត​សរសើរ​អំពីស្នាដៃ នៃការដឹកនាំប្រកបដោយគតិបណ្ឌិត និងការអនុវត្តនូវគោលនយោបាយ សុខដុមបនីយកម្មរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រកម្ពុជា។ ទន្ទឹមនេះ អគ្គលេខាធិការអង្គការ OIC ក៏បានស្វាគមន៍ការតែងតាំង ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជន ពិសេសតំណាងកម្ពុជាប្រចាំ​នៅអង្គការ OIC។

ក្នុងខ្លឹមសារលិខិតនេះដែរ ឯកឧត្ដម អគ្គលេខាធិការបានបញ្ជាក់ទៀត  តាមរយៈការ​តែងតាំងនេះ គឺពិតប្រាកដណាស់នឹងនាំមមកនូវទំនាក់ ទំនងអោយកាន់តែរឹងមាំបន្ថែមទៀត​រវាង​ប្រទេសOIC ជាមួយព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការឈានទៅរកកិច្ចសហប្រតិបត្តិ​ការលើគ្រប់វិស័យនានាដែលចាំបាច់។

សូមបញ្ជាក់ថា អង្គការសហប្រតិបត្តិការឥស្លាម (Organiz ation of Islamic Cooperation)ហៅកាត់ថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេសជា​សមាជិក​ចំនួន ៥៧ប្រទេស ដែលជាតំណាងឱ្យប្រជាជនជាង១ភាគ៥នៅលើសកលលោក។  អង្គការOICជាអង្គការធំទី២ បន្ទាប់ពីអង្គការ សហប្រជាជាតិ ហើយអង្គការនេះមានប្រទេស-អង្គការ ជាអ្នកសង្កេតការណ៍ចំនួន១២។ ជាមួយគ្នានេះ កម្ពុជាបានដាក់ពាក្យស្នើសុំ ចូលជាសមាជិកអ្នកសង្កេតការណ៍ ដែលបានប្រជុំនៅប្រទេសកូវ៉ែត មានប្រទេសចំនួន ៥៦ បានគាំទ្រនៅតែមួយប្រទេសប៉ុណ្ណោះ ដែលកម្ពុជាយើងកំពុងបន្តនូវកិច្ចការនេះ រួមទាំងអគ្គ​លេខាធិ ការអង្គការ OICផងដែរ  ៕

ដោយ សួស សំរិត